នៅចំពោះមុខព័ត៌មានចរចាមអារ៉ាមដែលថា Lionel Messi បច្ចុប្បន្នបានផ្លាស់ប្ដូរការសម្រេចចិត្ត ដោយនឹងមិនពន្យារសុពលភាពនៃកិច្ចព្រមព្រៀងជាមួយ PSG ក្រោយដណ្ដើមបានជើងឯក World Cup 2022 ក្លឹប Manchester City ក៏បានសម្ដែងការចាប់អារម្មណ៍ខ្លាំងលើប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន។
យោងតាម Daily Mail ប្រធានក្លឹប Man City លោក Sheikh Mansour នៅតែចិញ្ចឹមចិត្តក្នុងការទិញយកកំពូលកីឡាករ Messi ដែលជាម្ចាស់គ្រាប់បាល់មាសចំនួន 7 និងត្រៀមរួចរាល់សម្រាប់ការអូសទាញយកកីឡាករនេះ បើទោះបានខកខានច្រើនលើកកាលពីអតីតកាល។
បច្ចុប្បន្ន Messi កំពុងលេងឱ្យក្លឹបបារាំង Paris Saint-Germain (PSG)។ Messi ត្រូវបានចាត់ទុកថាជាកីឡាករឆ្នើមជាងគេមួយរូបនៅគ្រប់សម័យកាល និងត្រូវបានប្រៀបធៀបជាមួយនឹង Pele និង Diego Maradona នៅក្នុងការប្រជែងដណ្ដើមតំណែងជាកីឡាករអស្ចារ្យជាងគេបង្អស់នៅគ្រប់សម័យកាល៕