ខ្សែប្រយុទ្ធ Cristiano Ronaldo បានឆ្លងកាត់ការប្រកួតមួយដ៏លំបាក និងខកចិត្ត នៅពេល Al Nassr ដែលជាក្រុមថ្មីរបស់គាត់ត្រូវ Al Ittihad ជម្រុះចេញពី Saudi Super Cup។
វេលាទៀបភ្លឺថ្ងៃទី 27 មករា (ម៉ោងនៅកម្ពុជា) នៅក្នុងការប្រកួតទីពីរសម្រាប់ក្លឹបថ្មីរាប់ចាប់តាំងពីពេលបានចាកចេញពីក្លឹប Manchester United ខ្សែប្រយុទ្ធ Cristiano Ronaldo ជាថ្មីម្ដងទៀតបានក្លាយជាប្រធានក្រុមកីឡាកររបស់ក្លឹប Al Nassr ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅពានរង្វាន់បាល់ទាត់កំពូលរបស់អារ៉ាប៊ីសាអូឌីត (Saudi Super Cup)។ ប៉ុន្តែ កំពូលកីឡាកររូបនេះបានជួបការលំបាកនៅពេលបាត់បង់ឱកាសមាសក្នុងការរកបានគ្រាប់បាល់ស្មើ បន្ទាប់ពី Romarinho ជួយឱ្យក្លឹប Al Ittihad នាំមុខមុន។
ក្រុម Al Ittihad រកបានគ្រាប់ទីពីរដោយថ្វីជើងរបស់កីឡាករ Abderrazak Hamdallah មុនពេល Aderson Talisca ជួយឱ្យ Al Nassr រកបាន 1 គ្រាប់នៅក្នុងតង់ទីពីរ។ ប៉ុន្តែ កីឡាករ Muhannad Shanqeeti បានដកហូតក្ដីសង្ឃឹមរបស់ Al Nassr ដោយគ្រាប់បាល់ទីបីរបស់ Al Ittihad និងបានជម្រុះ Al Nassr របស់ Ronaldo ចេញពី Saudi Super Cup ក្នុងលទ្ធផល 3-1។
2 ឆ្នាំកន្លង រាប់ចាប់ពីលើកចុងក្រោយដែល Ronaldo ដណ្ដើមបានពានធំមួយ នោះគឺ Coppa Italia ខ្សែប្រយុទ្ធរូបនេះមិនបានលើកពានប្រាក់ណាមួយទៀត នៅពេលចូលទាត់ជាលើកទីពីរឱ្យ Manchester United។ យ៉ាងណាក៏ដោយ នៅក្នុងក្លឹប Al Nassr ដែលជាក្លឹបកំពូលមួយនៅអារ៉ាប៊ីសាអូឌីត CR7 ត្រូវបានគេមើលឃើញថា អាចមានឱកាសច្រើនដើម្បីស្វែងរកពានបន្ថែម។ ក៏ប៉ុន្តែ ក្ដីសង្ឃឹមនេះបានរលត់បាត់ យ៉ាងហោចក៏នៅក្នុងដំណាក់កាលបច្ចុប្បន្ន។
ក្រុម Al Ittihad ពេលនេះបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Saudi Super Cup ដោយនឹងត្រូវប៉ះក្រុម Al Feiha។ នេះមានន័យថា ឱកាសមាសសម្រាប់ Ronaldo សម្រាប់ការលើកពាននៅ Saudi Super Cup បានកន្លងផុតទៅក្នុងភាពទុក្ខព្រួយ៕