Skip to content

ប្រព័ន្ធ ATM ដាក់ឱ្យ​ដំណើរការ​រួមគ្នា​ហើយ​នៅ​កម្ពុជា

ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានប្រកាស​ជា​ផ្លូវការ សហការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ​អេស៊ីលីដា ធនាគារ​ស្ថាបនា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ប្រា​សាក់ ដាក់ឱ្យ​ដំណើរការ​រួមគ្នា​ជាបឋម​នូវ​ប្រព័ន្ធ Cambodia Share Switch (CSS) ដែលជា​ប្រព័ន្ធ​រួមបញ្ចូល​គ្នា​មួយ​សម្រាប់​សម្រួល​ដល់​អ​តិ​ថិ​ជន​ធ្វើ​ប្រតិបត្តិការ​អន្តរ​ធនាគារ​តាមរយៈ​ប័ណ្ណ​ទូទាត់​ម៉ាស៊ីន ATM និង POS របស់​គ្រឹះស្ថាន​សមាជិក​ប្រកបដោយ​ភាពងាយស្រួល និង​ឆាប់រហ័ស។

ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​របស់ NBC បានឱ្យដឹងថា គោលបំណង​នៃ​ការដាក់ឱ្យ​ដំណើរការ​ជាបឋម​នូវ​ប្រព័ន្ធ CSS គឺ​ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់ កាត់បន្ថយ​ចរាចរ​សាច់ប្រាក់​នៅលើ​ទីផ្សារ លើកកម្ពស់​ប្រសិទ្ធភាព​ទូទាត់​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង និង​ជំរុញ​ប្រតិបត្តិការ​អន្តរ​ធនាគារ​ឱ្យ​កាន់តែ​ទូលំទូលាយ តាមរយៈ​ការផ្តល់​មធ្យោបាយ​ធ្វើ​ប្រតិបត្តិការ​បន្ថែមទៀត​សម្រាប់​អតិថិជន។

ជាមួយនឹង​បណ្តាញ ATM ដ៏​ទូលំទូលាយ​របស់​គ្រឹះស្ថាន​ជា​សមាជិក ប្រព័ន្ធ​នេះ​នឹង​អនុញ្ញាតឱ្យ​ប្រជាជន​នៅតាម​ជនបទ​អាច​ប្រើប្រាស់​សេវា​ធនាគារ​បាន ដែល​នឹង​អាចរួមចំណែក​យ៉ាងសកម្ម​ក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​អភិវឌ្ឍ​សេដ្ឋកិច្ច។

ប្រព័ន្ធ CSS គឺជា​ប្រព័ន្ធ​រួមមួយ​ដែល​ផ្តល់​លទ្ធភាព​ដល់​អតិថិជន​របស់​គ្រឹះស្ថាន​ជា​សមាជិក ក្នុង​ការធ្វើ​ប្រតិបត្តិ​ការទូទាត់​ទំនិញ និង​សេវាកម្ម​ដក​ប្រាក់-ផ្ទេរប្រាក់​អន្តរ​ធនាគារ​ពិនិត្យ​សមតុល្យ​គណនី និង​របាយការណ៍​ហិរញ្ញវត្ថុ​សង្ខេប​តាម​ម៉ាស៊ីន ATM ឬ POS របស់​គ្រឹះស្ថាន​ដែលជា​សមាជិក​ប្រព័ន្ធ CSS។

គួរ​បញ្ជាក់ថា នាពេលឆាប់ៗខាងមុខនេះ​បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​ជាបឋម​បាន​ជោគជ័យ អតិថិជន​អាច​ប្រើ​ម៉ាស៊ីន ATM ឬ POS បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត ព្រោះ​ក្រៅពី​គ្រឹះស្ថាន​ស្ថាបនិក​ទាំងបី​ខាងលើ​ហើយ នៅមាន​គ្រឹះស្ថាន​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ផ្សេងទៀត បាននិងកំពុង​ដាក់ពាក្យ​សុំចូល​រួម​ដែរ​ហើយ។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា​ដែលជា​ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា​ឱ្យដឹងថា ការអនុវត្ត​សេវា​បែបនេះ​គឺជា​ការល្អ ព្រោះ​នៅ​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ និង​ធនាគារ​ឯកទេស​សរុប​ចំនួន51 ហើយ​ធនាគារនីមួយៗមាន​ទូ​ATM រៀងៗខ្លួន ដូច្នេះ​ការដាក់ឱ្យ​ប្រើប្រាស់​សេវា​អេ​ធី​អឹម​រួមគ្នា​នេះ គឺអាច​ធ្វើឱ្យ​ធនាគារ​ទាំង​អស់ត​ភ្ជាប់​ជាមួយគ្នា ដោយ​អនុញ្ញាតឱ្យ​អតិថិជន​អាច​ដក​ប្រាក់​នៅ​ធនាគារ​ណា​ក៏បាន ខណៈដែល​អេស៊ីលីដា​មាន​ទូ​ATM សរុប​ជាង300គ្រឿង​ដាក់ពង្រាយ​ទៅតាម​ទីប្រជុំជន​នានា។ លោក​បាន​បន្តថា ការអនុវត្ត​បែបនេះ​គឺមាន​ភាពងាយស្រួល ប៉ុន្តែ​អ្នកមាន​កាត​អេ​ធី​អឹម​ដែល​ចង់​ដក​ប្រាក់​នៅ​ធនាគារ​ផ្សេង អតិថិជន​ត្រូវ​បង់​សេវាកម្ម​ពី​ការប្រើប្រាស់​នោះ។

លោក អឿ សុធា​រ័ត្ន នាយក​អភិវឌ្ឍ​ន៏​អាជីវកម្ម និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ស្តីទី នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) មានប្រសាសន៍ថា ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រឹងប្រែង​រវាង​ធនាគារនីមួយៗនៅក្នុង​ប្រទេស​កម្ពុជា ហើយ​ធនាគារនីមួយៗសុទ្ធតែ​បាន​បង្កើត​ទូ ​ATM ដូចគ្នា គ្រាន់តែ​ធនាគារ​ខ្លះ​មាន​តិច និង​ធនាគារ​ខ្លះ​មាន​ច្រើន​ប៉ុណ្ណោះ។ លោក​ថា ប្រព័ន្ធ​ថ្មី​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ទៅដល់​អតិថិជន​ដែល​កាន់​កាត ATM នៅ​ធនាគារ​ណា​ដែល​មិនមាន​ប្រាក់​គ្រប់គ្រាន់​ក្នុងការ​បង្កើត​ទូ ATM ឱ្យបាន​ច្រើន។

លោក​បន្តថា តាមពិតទៅ​ប្រតិបត្តិការ​ខាងលើ គេ​បានធ្វើ​រួចទៅហើយ​នៅ​ប្រទេស​ជឿនលឿន ដោយនៅ​ប្រទេស​ទាំងនោះ មិនមាន​ទូ ATM ដាក់​តម្រៀប​គ្នា​នៅ​កន្លែង​តែមួយ​ដូច​នៅ​កម្ពុជា​នោះទេ ព្រោះ​មានការ​ដាក់ឱ្យ​អតិថិជន​អាច​ដក​ប្រាក់​គ្រប់​ទូ ATM តែមួយ​រួមគ្នា​នេះ។

គួរ​ញ្ជា​ក់​ផងដែរ​ថា ដោយសារ​មន្ត្រីរាជការ កម្មករ​រោងចក្រ និង​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ចំនួន ត្រូវបាន​ដាក់ឱ្យ​បើកប្រាក់​តាម​ប្រព័ន្ធ ATM មក គេ​ឃើញ​នៅពេល​បើកប្រាក់ខែម្តងៗ ពួកគេ​តែង​ឈរ​តម្រង់​ជួរ​គ្នា​ចាំ​បើក​លុយ ប៉ុន្តែ​នៅពេល​ដាក់ឱ្យ​ដំណើរ​ការដក​ប្រាក់​រួមគ្នា​នៅ​ATM ផ្សេងគ្នា​បាន​បែបនេះ នឹងធ្វើ​ឱ្យ​ការ​ដំណើរ​ការដក​ប្រាក់​របស់​ពួកគាត់​ប្រ​ពឹ​ត្ត​ទៅបាន​ឆាប់រហ័ស​មិន​ចំណាយពេល​រង់ចាំ​យូរ ដូច​មុន​ទៀត​ទេ៕

Leave a Reply

Your email address will not be published. Required fields are marked *