ក្នុងការពិសោធ ក្រុមអ្នកវិទ្យាសាស្ត្រអាម៉េរិក ប្រើប្រាស់ដែកឆក់ធ្វើឱ្យរ៉ូបូតរលាយទៅជាធាតុរាវ ហូរឆ្លងកាត់ចម្រឹងដែកមកខាងក្រៅ រួចកកទៅជារឹងដើម្បីត្រលប់ទៅរករូបរាងដើម។
ក្រុមអ្នកវិទ្យាសាស្ត្របង្កើតបានរ៉ូបូតតូចមួយដែលអាចរំលាយខ្លួនទៅជាធាតុរាវ រួចហើយកករឹងមកវិញទៅតាមបញ្ជា ជួយឱ្យវាងាយស្រួលចាកផុតពីទីចង្អៀត។ ដើម្បីច្នៃជារ៉ូបូតប្រែកាយនេះ ពួកគេជ្រលក់បន្ទះដែក បូរ៉ុង (boron) និងមេដែកនីអូឌីមដ៏តូចទៅក្នុងកាល្យូម (gallium) រាវ ជាលោហធាតុដែលរលាយក្នុងសីតុណ្ហភាពទាប និងទុកឱ្យវាកកមកវិញ។ លទ្ធផលនៃការពិសោធនេះត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Matter កាលពីថ្ងៃទី 25 មករា។
សមត្ថភាពក្នុងការប្រែរូបជួយឱ្យរ៉ូបូតនេះក្លាយជាអ្នក «ហែកគុក» ដ៏ឆ្នើម។ អ្នកជំនាញប្រើប្រាស់មេដែកដើម្បី «ចេញបញ្ជា» ឱ្យរ៉ូបូតរំលាយខ្លួនជាធាតុរាវដើម្បីហូរតាមចន្លោះចម្រឹងដែករបស់ទ្រុង ហើយក្រោយមកវាប្រែកាយទៅជារូបរាងដើមនៅខាងក្រៅទ្រុងនោះ។
ដើម្បីធ្វើឱ្យរ៉ូបូតរលាយជាធាតុរាវ អ្នកវិទ្យាសាស្ត្រកម្ដៅវាតាមរយៈយន្តការអាំងឌុចស្យុងអេឡិចត្រូម៉ាញេទិច ដោយប្រើប្រាស់មេដែកបង្កើតជាចរន្តអគ្គិសនីខាងក្នុងរ៉ូបូត។ ចរន្តអគ្គិសនីដុតរំលាយកាល្យូម ហើយគ្រាប់ម៉ាញេទិចអណ្ដែតខាងក្នុង ធ្វើឱ្យរ៉ូបូតត្រូវឆក់ទៅខាងមេដែក។
រ៉ូបូតថ្មីនេះត្រូវបានយកលំនាំតាម Sea cucumber (សត្វត្រសក់សមុទ្រ) ដែលមានសមត្ថភាពប្រែកាយពីរឹងទៅទន់ដើម្បីការពារខ្លួន។
ក្រុមអ្នកជំនាញយល់ថា រ៉ូបូតនេះអាចប្រើប្រាស់នៅក្នុងវិស័យបច្ចេកវិទ្យា និងសុខាភិបាល។ មកដល់ពេលនេះ វាបានឆ្លងកាត់ការពិសោធជាច្រើនមកហើយ រួមមានដូចជា ការជួសជុលគ្រឿងអេឡិចត្រូនិចតាមរយៈការផ្លាស់ទីទៅដល់គោលដី រួចប្រែរូបទៅជាវត្ថុធាតុសម្រាប់ផ្សារភ្ជាប់ ការរំលាយខ្លួនទៅជាវីស និងខ្ចៅ និងការយកវត្ថុចម្លែកចេញពីក្រពះជាដើម៕