ការអភិវឌ្ឍធនធានមនុស្សជាផ្នែកយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់ប្រទេសទាំងអស់នៅលើពិភពលោក ព្រោះមូលធនមនុស្សជាធនធានដែលមិនចេះរីងស្ងួតសម្រាប់សង្គម ដែលអាចជំរុញឱ្យសង្គមមានការអភិវឌ្ឍកាន់តែខ្លាំង និងអាចឈានដល់ការប្រកួតប្រជែងជាអន្តរជាតិថែមទៀតផង។
កត្តាជំរុញដែលធ្វើឱ្យធនធានមនុស្សក្នុងប្រទេសមួយខ្លាំង គឺកើតចេញពីទាំងស្ថាប័នរដ្ឋ និងឯកជន រួមទាំងប្រជាពលរដ្ឋម្នាក់ៗដែលមានឆន្ទៈក្នុងការអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាមនុស្សខ្លាំងសម្រាប់ចូលរួមអភិវឌ្ឍស្ថាប័នដែលខ្លួនកំពុងធ្វើការ និងសង្គមជាតិទាំងមូល។
លោក ស៊ាង សុបញ្ញា នាយកវិទ្យាស្ថានកម្ពុជា-អាស៊ាន បានលើកឡើងថា ប្រជាជននៅកម្ពុជា ជាពិសេសយុវជនដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ គួរតែខិតខំអភិវឌ្ឍខ្លួនឱ្យក្លាយជាប្រជាជនដែលមានសមត្ថភាពកម្រិតអន្តរជាតិ (Global Citizen)។ បុគ្គលដែលមានសមត្ថភាពខ្លាំងជាសកលបែបនេះ គឺជាបុគ្គលដែលអាចធ្វើការងារបាននៅគ្រប់ប្រទេសទាំងអស់លើពិភពលោក ឬមានចំណេះជំនាញគ្រប់គ្រាន់ក្នុងការដណ្តើមទីផ្សារការងារសំខាន់ៗនៅបរទេស។
លោក ស៊ាង សុបញ្ញា បាននិយាយថា៖ «ដើម្បីក្លាយខ្លួនជាបុគ្គលដែលមានការងារធ្វើ និងកម្រិតសមត្ថភាពជាអន្តរជាតិ ពួកគេគួរតែមានជំនាញធំៗ 2 ជាគោល គឺជំនាញភាសាឱ្យច្បាស់ និងជំនាញបច្ចេកទេសឱ្យច្បាស់។ ភាពច្បាស់នៃជំនាញភាសានេះ គឺមិនមែនគ្រាន់តែអានបាន ឬនិយាយស្តាប់គ្នាបានបែបធម្មតា នោះទេ គឺចាំបាច់ត្រូវចេះច្បាស់លាស់អាចបកប្រែ បរិយាយ អធិប្បាយ ឬសរសេរលិខិតជាផ្លូវការបានដោយរលូន»។
ស្ថាបនិកគ្រឹះស្ថានអប់រំខាងលើបានលើកឡើងផងដែរថា នៅពេលដែលយើងអាចយល់ច្បាស់ពីភាសាហើយ យើងនឹងមានទុនមួយសម្រាប់ការស្រាវជ្រាវជាសកល ដើម្បីឈានទៅដល់ភាពជាអ្នកជំនាញដែលមានគុណភាពក្នុងការគិត និងអនុវត្តខ្ពស់។ ចំពោះជំនាញបច្ចេកទេសវិញ ក៏ជាជំនាញចាំបាច់មួយផងដែរ ព្រោះនាពេលបច្ចុប្បន្ននេះ អាស៊ានបានបើកចំហនូវអាជីពមួយចំនួនដើម្បីឱ្យប្រជាជននៅក្នុងប្រទេសដែលជាសមាជិកទាំងអស់ មានឱកាសស្វែងរកការងារធ្វើនៅក្នុងប្រទេសទាំង 10នេះ។ ប្រសិនបើយើងមានជំនាញច្បាស់លាស់ ហើយចេះប្រើភាសាច្បាស់លាស់ យើងនឹងអាចឈោងចាប់ទីផ្សារការងារនៅបរទេស បាន និងមិនមែនប្រកួតប្រជែងតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ។
លោក គឹម អឿន នាយកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យបានលើកឡើងថា មេដឹកនាំដែលល្អគឺជាមេដឹកនាំដែលចេះនាំប្រជាជនឱ្យក្លាយជាប្រជាជនសកល ហើយប្រជាជនខ្លួនឯងក៏ត្រូវតែមានឆន្ទៈក្នុងការអភិវឌ្ឍខ្លួនដោយផ្តោតសំខាន់លើទិដ្ឋភាពសំខាន់ៗចំនួន3 គឺ មនុស្ស បរិស្ថាន និងចំណូល។ ការលើកឡើងពីកត្តាមនុស្សនេះគឺចង់សំដៅលើការគោរព និងការឱ្យតម្លៃមនុស្សគ្រប់រូបលើពិភពលោក ដោយការផ្តល់ឱកាស ចែករំលែក និងជួយគ្នាទៅវិញទៅមកប្រកបដោយភាពស្មោះត្រង់។
ចំណុចសំខាន់មួយផ្សេងទៀតគឺ ធម្មជាតិ ឬបរិស្ថាន មានន័យថា មនុស្សត្រូវគិតគូរឱ្យបានល្អិតល្អន់ពីសកម្មភាពរបស់ខ្លួនប្រចាំថ្ងៃចំពោះពិភពលោក និងមិនចូលរួមការបំផ្លាញពិភពលោកដោយប្រយោល។
លោក គឹម អឿន បាននិយាយថា៖ «ការដែលប្រជាជនគិតគូរពីពិភពលោក គឺអាចធ្វើឱ្យយើងរស់នៅក្នុងភាពសុខដុមទាំងអស់គ្នា ហើយនៅពេលដែលមនុស្សធ្វើអ្វីមួយដោយមានភាពហ្មត់ចត់ ហើយចូលរួមថែរក្សាពិភពលោកតាមរយៈការសន្សំសំចៃថាមពលអគ្គិសនី ការគ្រប់គ្រងសំរាមបានល្អ និងការដាំដើមឈើជាដើម អាចធ្វើឱ្យយើងរស់នៅក្នុងភាពស្ងប់សុខ»។
លោក គឹម អឿន បានបញ្ជាក់ផងដែរថា រឿងចំណូលជារឿងចុងក្រោយបំផុតបន្ទាប់ពីរឿងគោរពគ្នា និងបរិស្ថាន តែទោះជាយ៉ាងណាក៏មនុស្សត្រូវការការរកចំណូលដែលត្រឹមត្រូវ និងគោរពបាននូវគោលការណ៍ស្មោះត្រង់ដែលមិនប៉ះពាល់អ្នកដទៃ ហើយរស់នៅជាមួយគ្នាប្រកបដោយភាពថ្លៃថ្នូរជាសកល៕