ពាក្យ​ចចាមអារ៉ាម​ដែលថា Messi នឹង​ចាក​ចេញពី PSG «ជិត​បាន​ក្លាយជា​អតីតកាល»

អនាគត​របស់ Lionel Messi ត្រូវបាន​បញ្ជាក់​យ៉ាងច្បាស់​នៅ​ចំពោះមុខ​ពាក្យ​ចចាមអារ៉ាម​ដែលថា ម្ចាស់​ជើងឯក World Cup 2022 នឹង​ចាក​ចេញពី​ក្លឹប PSG នៅ​រដូវក្ដៅ​ឆ្នាំនេះ។

ថ្មីៗនេះ​មាន​អ្នកសារព័ត៌មានល្បីៗជាច្រើន​បាន​បង្ហើប​ព័ត៌មាន​មួយចំនួន​ទាក់​ទិន​នឹង Messi ធ្វើឱ្យ​ច្របូកច្របល់​ក្នុង​វិស័យ​បាល់ទាត់។ ក្នុងនោះ​មាន​អ្នកខ្លះ​ថា Messi បាន​ផ្លាស់ប្ដូរ​គំនិត មិន​ចង់​បន្ត​កិច្ចសន្យា​ជាមួយ PSG នៅ​រដូវក្ដៅ​ឆ្នាំនេះ ខណៈដែល​អ្នកខ្លះ​ក៏​ថា ទំនាក់ទំនង​រវាង Messi និង​ក្លឹប PSG ក៏ដូចជា​អ្នកគាំទ្រ​នៅ​បារាំង​មាន​បញ្ហា​ធំ ក្រោយពី​ខ្សែប្រយុទ្ធ​រូបនេះ និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022។ ចំណែក​អ្នក​ខ្លះទៀត​ក៏​យល់ថា Messi មិន​អើពើ​ដល់​រឿង​ប្រាក់កាស ដែល​នេះ​មានន័យថា គាត់​បន្ត​កិច្ចសន្យា​ជាមួយ PSG ក៏បាន មិន​បន្ត​ក៏ «មិនខ្ចី​​ខ្វល់»។

ទោះជា​យ៉ាងណាក៏ដោយ បុគ្គល​មួយចំនួន​ដែល​គួរ​ជាទី​ទុកចិត្តបាន​ច្រានចោល​រាល់​ព័ត៌មាន​ខាងលើ។ លោក​Fabrizio Romano ដែលជា​អ្នកជំនាញ​ខាង​ព័ត៌មាន​ទិញដូរ​កីឡាករ​បាល់ទាត់ មកពី Sky Sport Italy របស់​អ៊ីតាលី បាន​អះអាងថា «ទោះ​ជាមាន​ពាក្យ​ចចាមអារ៉ាម​កន្លងមក Lionel Messi ជិត​បន្ត​កិច្ចព្រមព្រៀង​ជាមួយ PSG។ គាត់​កំពុងមាន​សុភមង្គល»។

​អ្នកខ្លះ​ថា ទំនាក់ទំនង​រវាង Messi និង​ក្លឹប PSG ក៏ដូចជា​អ្នកគាំទ្រ​នៅ​បារាំង​មាន​បញ្ហា​ធំ ក្រោយពី​ខ្សែប្រយុទ្ធ​រូបនេះ និង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup 2022

ក្រៅពីនេះ អ្នកសារព័ត៌មាន Gaston Edul របស់​ប៉ុស្តិ៍ TyC Sports (អា​ហ្ស​ង់​ទីន) ដែល​ស្និទ្ធ​ខ្លាំង​ជាមួយនឹង Messi ទើបតែ​បញ្ជាក់ថា កំពូល​តារាបាល់ទាត់រ​បស់​អា​ហ្ស​ង់​ទីន​រូបនេះ មិនមាន​បំណង​ចាក​ចេញពី PSG ឡើយ ក្រោយ​រដូវ​កាល​បច្ចុប្បន្ន។ «ការណ៍​ដែលថា Messi នឹង​ចាក​ចេញពី PSG គឺជា​រឿង​មិនមាន​មូលដ្ឋាន។ គាត់​កំពុង​ចរចា​ជាមួយ​ក្លឹប​បាល់ទាត់​បារី​ស​តែមួយគត់។ ភាគី​ទាំងពីរ​កំពុង​ត្រៀម «ដាស់» មាត្រា​ដែល​និយាយ​អំពី​ការបន្ត​កិច្ចព្រមព្រៀង​ដោយ​ស្វ័យប្រវត្ត​មួយ​រដូវ​កាល (រហូតដល់​ខែមិថុនា 2024) និង​ចុះហត្ថលេខា​បន្ថែម​មួយ​រដូវ​កាល​ទៀត»។

បច្ចុប្បន្ន Lionel Messi មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ​ទាក់ទង​នឹង​អនាគត ហើយ​គាត់​ហាក់​បាន​ស៊ាំ​នឹង​ជីវភាព​នៅ​បារី​ស បន្ទាប់​ពីមួយ​រដូវ​កាល​ដំបូង​ប្រកបដោយ​ការលំបាក។ មនុស្ស​មួយចំនួន​យល់ថា គោលដៅ​បន្ទាប់​របស់ Messi នឹងត្រូវ​បានកំណត់​ច្បាស់ នៅ​ពេល​​រដូវ​កាល​ឆ្នាំនេះ​បានបញ្ចប់៖ «បើ​ជួយ​ឱ្យ PSG ដណ្ដើមបាន​ពានរង្វាន់ Champions League Messi ប្រាកដជា​នឹង​បន្ត​នៅ​បារី​ស ប៉ុន្តែ បើ​មិន​ដូច្នេះ​ទេ គាត់​ទំនងជា​នឹងត្រូវ​ចែកផ្លូវ​គ្នា​ដើរ​ជាមួយនឹង PSG៕

Leave a Comment