រថភ្លើងអ៊ីដ្រូសែនដំបូងគេលើពិភពលោកដែលដឹកអ្នកដំណើរក្នុងទីក្រុង ត្រូវបាននាំចេញពីរោងចក្រដំឡើងនៅទីក្រុង Chengdu ខេត្ត Sichuan កាលពីថ្ងៃទី 18 មករា 2023។
ក្រុមហ៊ុនផ្លូវដែកចិន (CRRC) និងក្រុមហ៊ុនផ្លូវដែក Chengdu បានសហការគ្នាអភិវឌ្ឍរថភ្លើងដឹកអ្នកដំណើរដែលប្រើប្រាស់អ៊ីដ្រូសែនជាឥន្ធនៈដំបូងគេនៅប្រទេសចិន។ រថភ្លើងនេះអាចធ្វើដំណើរបានរយៈចម្ងាយ 600 គីឡូម៉ែត្រ និងមិនបញ្ចេញឧស្ម័នពុល ដោយប្រើប្រាស់ថ្មផ្ទុកឥន្ធនៈអ៊ីដ្រូសែន និងប្រព័ន្ធស៊ុប៉ែកាប៉ាស៊ីទ័រ ( Super-capacitor – បច្ចេកវិទ្យាបញ្ចូលថាមពលថ្មរហ័ស)។
រថភ្លើងនេះមានមុខងារបើកបរស្វ័យប្រវត្ត ទំនាក់ទំនងដោយប្រព័ន្ធ 5G ចេញដំណើរ/ឈប់ និងត្រលប់ទៅកន្លែងប្រមូលផ្ដុំគ្នាដោយស្វ័យប្រវត្ត។
រថភ្លើងអ៊ីដ្រូសែននេះប្រើប្រាស់បច្ចេកវិទ្យាដូចទៅនឹង Fuxing ដែលជារថភ្លើងមានក្បាលដូចគ្រាប់កាំភ្លើងដែល CRRC ដំណើរការតាំងពីឆ្នាំ 2017 និងមានល្បឿន 350 គីឡូម៉ែត្រ/ម៉ោង។
អ៊ីដ្រូសែនត្រូវបានចាត់ទុកថាជាថាមពលស្អាត ដោយសារតែបញ្ចេញតែចំហាយទឹកប៉ុណ្ណោះនៅពេលរត់ ឬបញ្ឆេះម៉ាស៊ីន។ អ៊ីដ្រូសែនអាចត្រូវបានផលិតឡើងពីប្រភពថាមពលកកើតឡើងវិញ មានជាអាទិ៍ ខ្សល់ កម្ដៅព្រះអាទិត្យ និងវារីអគ្គិសនីជាដើម។
សម្រាប់រថភ្លើងដែលដើរដោយអ៊ីដ្រូសែន ប្រតិកម្មអេឡិចត្រូគីមីរបស់អ៊ីដ្រូសែន និងអុកស៊ីសែនបង្កើតបានជាថាមពលក្នុងថ្មឥន្ធនៈអ៊ីដ្រូសែន។ ដំណើរការនៃប្រតិកម្មអេឡិចត្រូគីមីនេះមានភាពស្ងាត់ល្អ និងស្ថិរភាព។
ក្រុមអ្នកជំនាញគណនាឃើញថា រថភ្លើងអ៊ីដ្រូសែនល្បឿន 160 គីឡូម៉ែត្រ/ម៉ោង រត់ 500 គីឡូម៉ែត្រ/ថ្ងៃអាចកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតបាន 10,000 គីឡូក្រាមជារៀងរាល់ឆ្នាំ។ ជាងនេះ រថភ្លើងនេះក៏មិនត្រូវការការវិនិយោគច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធ និងការថែទាំនោះដែរ៕