ឆ្នាំ 2022 បរិមាណរថយន្តអគ្គិសនីដែលបានលក់ចេញ បានក្ដោបក្ដាប់ 10% ជាលើកដំបូងនៅក្នុងទីផ្សាររថយន្តនៅទូទាំងពិភពលោក ដោយសារកំណើននៅប្រទេសចិន និងអឺរ៉ុប។
យោងតាមការស្រាវជ្រាវរបស់ LMC Automotive និង EV-Volumes.com បរិមាណរថយន្តដើរដោយអគ្គិសនីទាំងស្រុងដែលបានលក់ចេញនៅលើពិភពលោកក្នុងឆ្នាំ 2022 សម្រេចបានប្រមាណ 7.8 លានគ្រឿង កើន 68% ធៀបនឹងឆ្នាំ 2021។
បើទោះរថយន្តអគ្គិសនីនៅតែមានចំណែកតូចក្នុងចំណោមបរិមាណរថយន្តដែលបានលក់ចេញនៅសហរដ្ឋអាម៉េរិក ប៉ុន្តែទីផ្សាររបស់វាបានកើនឡើងខ្លាំងនៅអឺរ៉ុប និងប្រទេសចិន។ រថយន្តអគ្គិសនីក៏កាន់តែមានឥទ្ធិពលលើកំណើនរំពឹងទុករបស់ទីផ្សាររថយន្ត ព្រោះតែទទួលបានការគាំទ្រពីអ្នកប្រើប្រាស់។
Ralf Brandstatter ប្រធានផ្នែកពាណិជ្ជកម្មនៅប្រទេសចិនរបស់ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានឱ្យដឹងថា ទីផ្សាររថយន្តអគ្គិសនីនឹងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបរិមាណលក់ចេញនៃរថយន្តសាំងនៅប្រទេសចិននឹងចាប់ផ្ដើមធ្លាក់ចុះឆាប់ៗនេះ និងជារៀងរហូត គ្រាដែលចំណែកទីផ្សាររបស់រថយន្តអគ្គិសនីចេះតែរីកមាឌ។
«កាលពីឆ្នាំកន្លង ជាមធ្យម ក្នុងចំណោមរថយន្ត 4 គ្រឿងដែលយើងបានលក់នៅប្រទេសចិនគឺមាន 1 គ្រឿងជារថយន្តអគ្គិសនី ហើយឆ្នាំនេះ អត្រានេះគឺ 3:1។ យើងមិនទាន់សម្រេចបានដល់ចំណុចផ្ទុះនៅឡើយ ប៉ុន្តែសង្ឃឹមថានឹងកើតឡើងឆាប់ៗនេះ ក្នុងអំឡុងពេលពី 2025 ដល់ 2030» លោក Ralf Brandstatter អះអាងដូច្នេះ។
យោងតាម LMC Automotive ក្នុងឆ្នាំ 2022 រថយន្តអគ្គិសនីរួមចំណែក 11% ក្នុងបរិមាណរថយន្តសរុបដែលបានលក់ចេញនៅអឺរ៉ុប និង 19% នៅប្រទេសចិន។ រថយន្ត hybrid និងរថយន្តអគ្គិសនីទាំងស្រុងដែលបានលក់ចេញនៅអឺរ៉ុប គឺមានចំណែក 20.3% ក្នុងចំណោមរថយន្តថ្មីដែលបានលក់ចេញកាលពីឆ្នាំកន្លង នេះបើតាម EV-Volume.com។
សហរដ្ឋអាម៉េរិក អន់ថយជាងធៀបនឹងចិន និងអឺរ៉ុប ក្នុងការប្រើប្រាស់រថយន្តអគ្គិសនី។ ប៉ុន្តែ នៅទីផ្សារនេះមានរថយន្តអគ្គិសនីជាង 807,000 គ្រឿងត្រូវបានលក់ចេញនៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំកន្លង ស្មើនឹង 5.8% ក្នុងចំណោមរថយន្តសរុបដែលបានលក់ចេញ៕