យន្តហោះ Dornier 228 មានកៅអីចំនួន 19 របស់ក្រុមហ៊ុន ZeroAvia ធ្វើការហោះហើរសាកល្បងដំបូងនៅប្រទេសអង់គ្លេស កាលពីថ្ងៃទី 20 មករា 2023។
ការហោះហើរសាកល្បងនេះជួយឱ្យគេដឹងពីស្ថានភាពបច្ចេកវិទ្យាអាកាសចរណ៍ស្អាតរបស់ ZeroAvia ដែលប្រើប្រាស់ប្រព័ន្ធអ៊ីដ្រូសែន-អគ្គិសនីមិនបំភាយឧស្ម័នពុល ហើយគ្រោងនឹងសុំអាជ្ញាប័ណ្ណ និងហោះហើរពាណិជ្ជកម្មនៅឆ្នាំ 2025។
បន្ទាប់ពីត្រូវបានប្រកាសកាលពីឆ្នាំ 2021 កម្មវិធី HyFlyer II បន្តការប្រឹងប្រែងរបស់ ZeroAvia ក្នុងបំណងបញ្ជាក់ថា អ៊ីដ្រូសែន គឺជាអនាគតរបស់វិស័យអាកាសចរណ៍។ កម្មវិធី HyFlyer បានចាប់ផ្ដើមដំបូងដោយការហោះហើររបស់យន្តហោះ 6 កៅអី កាលពីឆ្នាំ 2020។ នោះគឺជាយន្តហោះដែលដំណើរការដោយអ៊ីដ្រូសែនធំជាងគេដែលធ្លាប់ហោះហើរនៅពេលនោះ។ បច្ចុប្បន្ន យន្តហោះគំរូនេះ ហោះហើរបានជាង 30 ជើងរួចហើយ។
កាលពីឆ្នាំ 2021 យន្តហោះមួយគ្រឿងមានកៅអី 2 របស់ក្រុមហ៊ុនខាងលើបានជួបបញ្ហា ប៉ុន្តែមិនមែនដោយសារប្រព័ន្ធដែលទាក់ទិននឹងអ៊ីដ្រូសែនឡើយ។ មួយក្នុងចំណោមយន្តហោះគំរូ 9 កៅអីរបស់ ZeroAvia បានឈានចូលដល់ដំណាក់កាលសាកល្បងជាលើកដំបូង។ ZeroAvia បំពាក់ម៉ាស៊ីនចំហេះក្នុង Honeywell TPE-331 នៅស្លាបខាងស្ដាំង និងម៉ូទ័រអគ្គិសនី 600 គីឡូវ៉ាត់នៅស្លាបខាងឆ្វេង។
ZeroAvia សង្ឃឹមថា ពួកគេនឹងអាចដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណនៅចុងឆ្នាំនេះ ហើយថាប្រព័ន្ធរុញច្រាន 600 គីឡូវ៉ាត់នេះនឹងទទួលបានអាជ្ញាប័ណ្ណ និងបម្រើដល់វិស័យពាណិជ្ជកម្មលើយន្តហោះ 9-19 កៅអីនៅឆ្នាំ 2025។
យន្តហោះ Dornier 228 មានកៅអីចំនួន 19 របស់ក្រុមហ៊ុន ZeroAvia ធ្វើការហោះហើរសាកល្បងដំបូងនៅប្រទេសអង់គ្លេស កាលពីថ្ងៃទី 20 មករា 2023
សូមបញ្ជាក់ថា «អ៊ីដ្រូសែនគឺជាថាមពលបៃតង» ពីព្រោះថា ម៉ូទ័រដែលប្រើថាមពលអ៊ីដ្រូសែនបញ្ចេញកាកសំណល់មកវិញជាចំហាយទឹកសុទ្ធសាធ ដោយមិនបំភាយឧស្ម័នកាបូនដូចជាថាមពលហ្វូស៊ីល នេះបើសិនមិននិយាយដល់ដំណាក់កាលផលិតអ៊ីដ្រូសែន៕