សារព័ត៌មានអង់គ្លេស ថ្មីៗនេះបានផ្សាយថា គ្រូបង្វឹក Roberto Martinez របស់ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ បានទៅជួប Ronaldo នៅអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីអនាគតរបស់ CR7 នៅក្នុងក្រុមជម្រើសជាតិ។
ក្រោយបរាជ័យនៅ World Cup 2022 ពេលត្រូវចាញ់ម៉ារ៉ុកត្រឹមវគ្គ ¼ ក្រុមជម្រើសជាតិព័រទុយហ្កាល់បានឆ្លងកាត់ការប្រែប្រួលច្រើនបន្ទាប់ពីគ្រូបង្វឹក Fernando Santos ត្រូវបានបញ្ឈប់ពីតួនាទីក្រោយពីបានប្រឹងប្រែងជាមួយក្រុមអស់ជាច្រើនឆ្នាំ។ ចំណែកអនាគតរបស់ Cristiano Ronaldo ក៏បានជួបនឹងកាលៈទេសៈលំបាកច្រើនផងដែរ ក្រោយពីលេងមិនបានល្អនៅ World Cup 2022 ដែលដើមហេតុអាចបណ្ដាលមកពីមានទំនាក់ទំនងមិនសូវល្អជាមួយនឹងគ្រូបង្វឹក Fernando Santos។
ក្រោយការចាកចេញរបស់គ្រូបង្វឹក Fernando Santos ក្រុមជម្រើសជាតិព័រទុយហ្កាល់ក៏រកបានមនុស្សមកជំនួសភ្លាម នោះគឺ Roberto Martinez ដែលជាគ្រូបង្វឹកបានចាកចេញពីក្រុមជម្រើសជាតិបែលហ្ស៊ិក បន្ទាប់ពីបរាជ័យនៅកាតាកាលពីឆ្នាំ 2022។
បច្ចុប្បន្ន Ronaldo បានចាកចេញពី Man United និងកំពុងលេងឱ្យ Al Nassr របស់អារ៉ាប៊ីសាអូឌីត ហើយទើបតែបានប៉ះ Messi និង Mbappe របស់ PSG កាលពីម្សិលមិញ។ Daily Mail បង្ហើបឱ្យដឹងថា មុនការប្រកួតនេះ Ronaldo បានជួបពិភាក្សាជាមួយគ្រូបង្វឹករបស់ព័រទុយហ្កាល់។
ក្នុងជំនួបនោះ គ្រូបង្វឹក Roberto Martinez បានបញ្ជាក់អំពីលទ្ធភាពដែល Ronaldo អាចចូលរួមប្រកួតនៅ Euro 2024 ដែលពេលនោះនឹងគាត់មានអាយុ 41 ឆ្នាំ។ គ្រូបង្វឹករូបនេះចង់ឱ្យ Ronaldo បន្តកាន់តួនាទីជាប្រធានក្រុមកីឡាករជម្រើសជាតិនៅវគ្គជម្រុះរបស់ Euro 2024 ហើយបើ Ronaldo បានបង្ហាញសមត្ថភាពល្អ គាត់ប្រាកដជាបានទៅចូលរួមប្រកួតនៅ Euro 2024 មិនខាន៕