(សហរដ្ឋអាម៉េរិក) – តារាសម្ដែងអាម៉េរិក Alec Baldwin ត្រូវបានតុលាការចោទប្រកាន់ពីបទសម្លាប់មនុស្សដោយអចេតនា ប្រឈមនឹងការជាប់ពន្ធនាគារ 5 ឆ្នាំ ក្រោយពីគាត់បានកេះកៃកាំភ្លើងបណ្ដាលឱ្យមិត្តរួមអាជីពម្នាក់ស្លាប់នៅកន្លែងថតកុន។
យោងតាម TMZ កាលពីថ្ងៃទី 19 មករា រដ្ឋអាជ្ញានៅស្រុក Santa Fe រដ្ឋ New Mexico បានប្រកាសថា Alec Baldwin ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ក្នុងនាមជាផលិតករ និងអ្នកសម្ដែងភាពយន្ត ហើយត្រូវប្រឈមនឹងការជាប់ពន្ធនាគារ 5 ឆ្នាំ។
មេធាវីរបស់ Alec Baldwin ប្រកាសថា ការចោទប្រកាន់របស់តុលាការខាងលើគឺជាការ «មួលបង្កាច់ការស្លាប់របស់អ្នកស្រី Halyan Hutchins» ហើយថា នឹងតស៊ូមតិផ្លូវច្បាប់ដល់ទីបញ្ចប់។
ក្រៅពីលោក Alec Baldwin តុលាការក៏បានចោទប្រកាន់ពីបទសម្លាប់មនុស្សដោយអចេតនាចំពោះ Hannah Gutierrez-Reed ដែលជាប្រធានគម្រោងភាពយន្តរឿង «Rust» នេះដែរ។
កាលពីខែតុលា 2021 Alec Baldwin ថតឈុតហិង្សារបស់ភាពយន្តរឿង Rust នៅក្នុងរដ្ឋ New Mexico។ ក្រោយត្រូវបានប្រាប់ថា កាំភ្លើងមិនមានគ្រាប់ អ្នកសម្ដែង Alec Baldwin ក៏បានកេះកៃកាំភ្លើង ប៉ុន្តែស្រាប់តែកាំភ្លើងនៅមានគ្រាប់។ អ្នកដឹកនាំរឿង និងជាអ្នកនិពន្ធ Joel Souza ត្រូវគ្រាប់កាំភ្លើង តែបានព្យាបាលជាសះស្បើយ។ ចំណែកអ្នកដឹកនាំផ្នែករូបភាព អ្នកស្រី Halyan Hutchins រងរបួសធ្ងន់ ហើយក៏បានបាត់បង់ជីវិត។
កាលពីខែកុម្ភៈ 2022 គ្រួសាររបស់ Hutchins បានដាក់ពាក្យប្ដឹងប្រឆាំង Alec Baldwin ប៉ុន្តែបានដកពាក្យបណ្ដឹងវិញកាលពីខែតុលា 2022។ ទោះជាយ៉ាងនេះក៏ដោយ រដ្ឋអាជ្ញាមួយរូប ពេលនោះបាននិយាយថា Alec Baldwin នៅតែអាចត្រូវប្រឈមនឹងការចោទប្រកាន់ ព្រោះបាននាំឱ្យអ្នកដឹកនាំផ្នែករូបភាព Halyna Hutchins អាយុ 42 ឆ្នាំ ត្រូវបាត់បង់ជីវិត។ ដំណើរការរឿងក្ដីនៅតុលាការបានស៊ីពេលអស់ជាងមួយឆ្នាំ ដោយសារតែរដ្ឋអាជ្ញាត្រូវរង់ចាំការបញ្ជាក់ពី FBI។
លោក Alec Baldwin អាយុ 63 ឆ្នាំ គឺជាតារាសម្ដែងជនជាតិអាម៉េរិកមួយរូបដែលធ្លាប់ទទួលបានពាន់រង្វាន់ Emmy និងពានរង្វាន់ផែនដីមាស (Golden Globes) ជាច្រើនលើក។ តារាសម្ដែងរូបនេះត្រូវបានគេស្គាល់តាមរយៈភាពយន្តរឿង The Hunt for Red October (1990), The Aviator (2004) និង Mission Impossible ជាដើម។ លោក Alec Baldwin មានភរិយាឈ្មោះ Hilaria និងមានកូន 7 នាក់៕