ស្ដ្រីជាម្ដាយមួយរូបនៅខេត្ត Zhejiang ប្រទេសចិន បានបង្ហោះវីដេអូបង្ហាញពីកូនស្រីជាបណ្ឌិតរបស់គាត់កំពុងអង្គុយអានសៀវភៅ និងរអ៊ូដាក់នាងថា គិតតែពីរៀន ដោយបារម្ភខ្លាចកូនស្រីមិនអាចរកបានប្ដីនឹងគេ។
ក្នុងវីដេអូមួយដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមក្នុងសប្ដាហ៍នេះ ម្ដាយរបស់នារីជាបណ្ឌិតមួយរូបនៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន និយាយថា គាត់បារម្ភថា កូនស្រីគាត់នឹងមិនអាចបានជួបបុរសដែលអាចរៀបការជាមួយគ្នាបាន ក្នុងពេលកូនស្រីគាត់កំពុងអានសៀវភៅនៅក្បែរតុធ្វើការ។
«ដល់ម៉ោងចូលគេងហើយ។ ឈប់រៀនទៀតទៅ ហើយទៅគេងភ្លាមទៅ» ស្ត្រីជាម្ដាយនិយាយនៅក្នុងវីដេអូដូច្នេះ។ កូនស្រីគាត់ងើបមុខឡើង និងសើច ប៉ុន្តែមិនឆ្លើយតប។
ស្ត្រីជាម្ដាយរូបនេះបានឱ្យដឹងថា កូនស្រីរបស់គាត់គឺជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យក្នុងតំបន់ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅកាណាដា។ អ្នកស្រីគិតថា កូនស្រីគាត់ល្អខ្លាំងណាស់ និងមានមោទកភាពចំពោះសមិទ្ធផលរបស់នាង។
ក៏ប៉ុន្តែ អ្នកស្រីក៏បារម្ភខ្លាំងដែរនៅពេលឃើញកូនស្រីមិនចំណាយពេលខ្លះសម្រាប់មិត្តភក្ដិ ឬរកមិត្តភក្ដិថ្មី ហើយគិតតែពីនៅផ្ទះ និងអានសៀវភៅ។
វីដេអូស្ដីពីរឿងរ៉ាវនេះបានទាក់ទាញអ្នកចូលមើលជិត 9 លានលើក និងបញ្ចេញមតិជិត 3,700 លើក ក្រោយពីបានបង្ហោះលើបណ្ដាញសង្គម។ ក្នុងនោះ អ្នកខ្លះបញ្ចេញយោបល់គាំនារីជាកូន ហើយអ្នកខ្លះយល់ស្របនឹងការបារម្ភរបស់ស្ត្រីជាម្ដាយ។
អ្នកចូលមើលបានលើកហេតុផលជាច្រើនមកអះអាង មានដូចជាថា «មិនរាប់អានមិត្តថ្មីៗគឺមិនអាចជួបមនុស្សក្នុងក្ដីស្រមៃ», «ប្រុសៗមិនសូវហ៊ានស្រលាញ់នារីដែលមានចំណេះដឹងខ្ពស់ជាងខ្លួននោះទេ» ឬថា «ការអានសៀវភៅ ការទទួលយកចំណេះដឹងថ្មីៗគឺជាសេចក្ដីសុខរបស់នាង» ជាដើម។ល។