(សហរដ្ឋអាម៉េរិក) -ណាសា (NASA) ផ្ដល់ថវិកាសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាតាមគំនិតស្ដីពីការប្រើប្រាស់ប្រព័ន្ធរុញច្រាននុយក្លេអែរដើម្បីដឹកមនុស្សទៅកាន់ពិភពព្រះអង្គារដោយប្រើពេលតែ 45 ថ្ងៃ ជំនួសឱ្យពី 6 ខែដល់ 9 ខែដូចបច្ចុប្បន្ន។
យោងតាមណាសា គំនិតស្ដីពីប្រព័ន្ធរុញច្រានដោយប្រើថាមពលអគ្គិសនីបានពីនុយក្លេអែរ និងកម្ដៅនុយក្លេអែរ (NTP/NEP) គឺជាប្រភេទប្រព័ន្ធរុញច្រានដោយកម្លាំងនុយក្លេអែរថ្មីដែលប្រើប្រាស់វដ្ដនៃរ៉ូទ័រទម្រង់រលក។ សាស្ត្រាចារ្យ Ryan Gosses មកពីសាកលវិទ្យាល័យ Florida ដែលជាអ្នកវិទ្យាសាស្ត្រនៅពីក្រោយសំណើខាងលើ បានឱ្យដឹងថា ប្រព័ន្ធនេះអាចកាត់បន្ថយការពេលហោះទៅកាន់ពិភពអង្គារចុះមកនៅត្រឹម 45 ថ្ងៃ។ បើសិនជាបច្ចេកវិទ្យានេះដំណើរការដូចបានគ្រោងទុក វានឹងជួយឱ្យការធ្វើដំណើរពីភពមួយទៅភពមួយបានឆាប់រហ័ស និងសុវត្ថិភាព។
ខាងលើនេះគឺជាសំណើមួយក្នុងចំណោម 14 ដែលត្រូវបានកម្មវិធី Innovative Advanced Concepts (NIAC) របស់ណាសា ជ្រើសរើសសម្រាប់ការអភិវឌ្ឍដំណាក់កាលទីមួយ និងទទួលបានថវិកា 12,500 ដុល្លារអាម៉េរិក ដើម្បីស្រាវជ្រាវ និងអភិវឌ្ឍ។
ឧបករណ៍រុញច្រានដោយកម្ដៅនុយក្លេអែរ (NTP) របស់ សាស្ត្រាចារ្យ Ryan Gosses ប្រើប្រាស់ម៉ាស៊ីនប្រតិកម្មនុយក្លេអែរដើម្បីដុតកម្ដៅឥន្ធនៈអ៊ីដ្រូសែនរាវ ធ្វើឱ្យវាក្លាយជាផ្លាស្មា និងត្រូវបានបញ្ចេញមកក្រៅដើម្បីបង្កើតជាកម្លាំងរុញច្រាន។ ចំណែកឧបករណ៍រុញច្រានដោយអគ្គិសនីនុយក្លេអែរ (NEP) វិញ ប្រើប្រាស់ម៉ាស៊ីនប្រតិកម្មនុយក្លេអែរដើម្បីផ្ដល់កម្លាំងរុញច្រានដោយថាមពលអគ្គិសនី។
លោក Ryan Gosses ក៏ស្នើឱ្យប្រើប្រាស់រ៉ូទ័រទម្រង់រលក (WR) ដើម្បីបង្ហាប់បរិមាណនៃប្រតិកម្មក្រោមសម្ពាធដែលផលិតពីកម្ដៅរបស់ឥន្ធនៈអ៊ីដ្រូសែនរាវនៅក្នុងម៉ាស៊ីនប្រតិកម្មផងដែរ។ ការរួមផ្សំជាមួយនឹងវដ្ដ NEP នឹងបង្កើតបានកម្លាំងរុញច្រានកាន់តែខ្លាំងជាងមុន។
ការប្រើប្រាស់បច្ចេកវិទ្យាដូចបច្ចុប្បន្ន ជើងហោះហើរដឹកមនុស្សទៅកាន់ពិភពអង្គារអាចអូសបន្លាយពេលពី 6 ដល់ 9 ខែ។ ដូច្នេះ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរខាងលើមកនៅត្រឹម 45 ថ្ងៃគឺជារឿងដ៏អស្ចារ្យ៕