ផលិតផលសមុទ្រស្រស់រាប់រយគីឡូក្រាមនៅម្តុំត្រឡោកបែក ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) រកឃើញថា មានផ្ទុកចាហួយ។
ក្នុងគោលបំណងដើម្បីការពារសុខុមាលភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានណែនាំមន្ត្រីក្រោមឱវាទ ឱ្យបង្កើនសកម្មភាពចុះត្រួតពិនិត្យបណ្តាទីផ្សារនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការចរាចរទំនិញមិនមានអនុលោមភាព ពិសេសម្ហូបអាហារ។
ជាក់ស្តែង កាលពីថ្ងៃទី 19 មករា 2023 ក្រុមមន្ត្រីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យស្តង់លក់ផលិតផលសមុទ្រស្រស់នៅម្តុំត្រឡោកបែក ដើម្បីយកគំរូមកវិភាគរកវត្តមានសារធាតុគីមីហាមឃាត់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ។
យោងលទ្ធផលវិភាគខាងលើបានរកឃើញថា បង្គាចំនួន 180 គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ)។ មន្ត្រីជំនាញបានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ រឹបអូសទំនិញទាំងនោះមកកម្ទេចចោល នេះបើតាម អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF។
យោងតាមអគ្គនាយកដ្ឋានក.ប.ប. សារធាតុ CMC (ចាហួយ) ជាសារធាតុដែលឈ្មួញ ខិលខូចមួយចំនួន តែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូលក្នុងផលិតផលបង្គាស្រស់ ដើម្បីបង្កើនទម្ងន់ ក្នុងគោលបំណងកឹបកេងផលប្រយោជន៍របស់អ្នកប្រើប្រាស់៕