បើទោះជាការប្រកួតរវាង PSG និង Al Nassr & Al Hilal មិនទាន់កើតឡើង ប៉ុន្តែនៅឯប្រទេសអារ៉ាប៊ីសាអូឌីត រលកនៃការគាំទ្រត្រូវបានរុញឡើងខ្ពស់ជាងពេលណាៗទាំងអស់។
ការប្រកួតខាងលើគឺជាការចាប់ផ្ដើមរបស់ Ronaldo នៅឯក្លឹប Al Nassr របស់អារាប៊ីសាអូឌីត បន្ទាប់ពីចាកចេញពី Man United។ ការទិញដូរ Ronaldo របស់ក្លឹប Al Nassr បានធ្វើឱ្យកក្រើកតំបន់អាស៊ី ដោយសារ CR7 នាំមកនូវឥទ្ធិពលពិសេស ហើយប្រាក់បៀវត្សរ៍របស់កំពូលតារាបាល់ទាត់ជនជាតិព័រទុយហ្កាលនេះក៏ស្ថិតក្នុងលំដាប់កំពូលបំផុតរបស់ពិភពលោក ដោយទទួលបាន 200 លានដុល្លារ/រដូវកាល។
ក៏ប៉ុន្តែ អ្នកគាំទ្រមិនទាន់បានឃើញ Ronaldo ទាត់ក្នុងឈុតសម្លៀកបំពាក់ថ្មីនៅឡើយ ដោយសារតែមូលហេតុដែលទាក់ទងនឹងការពិន័យមុននោះ ព្រោះកីឡាកររូបនេះបានបោកទូរស័ព្ទអ្នកគាំទ្ររបស់ Everton កាលពីទាត់ឱ្យ Man United។
ក្រោយការរង់ចាំអស់ច្រើនថ្ងៃ ចុងក្រោយអ្នកគាំទ្រក៏នឹងបានទស្សនាការប្រកួតរបស់ Ronaldo។ អ្វីដែលពិសេសជាងនេះគឺថា គូប្រកួតរបស់ CR7 គឺ Lionel Messi និងក្លឹប PSG។ តាំងពីយូរមកហើយ កំពូលកីឡាករទាំងពីររូបនេះមិនដែលបានជួបគ្នា ដូច្នេះការប្រកួតនាពេលខាងមុខ បើទោះគ្រាន់តែជាមិត្តភាព ប៉ុន្តែកម្លាំងទាក់ទាញរបស់វាគឺពិតជាមិនអាចបដិសេធបាន។ Ronaldo និង Messi សុទ្ធតែមានអាយុជាង 35 ឆ្នាំ ដូច្នេះ នេះអាចជាការប៉ះគ្នាលើកចុងក្រោយបង្អស់របស់ពួកគេ។
កំពូលតារាបាល់ទាត់ជនជាតិអាហ្សង់ទីន Messi និងក្រុម PSG បានធ្វើដំណើរទៅកាន់រាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមទំព័រ L’Equipe ដើម្បីទទួលបានការយល់ព្រមរបស់ Messi និង PSG មកប្រកួតមិត្តភាពនៅអារ៉ាប៊ីសាអូឌីត ក្លឹប Al Nassr និង Al Hilal បានចំណាយប្រាក់អស់ 10 លានអឺរ៉ូឯណោះ។
គិតមកដល់ថ្ងៃនេះ ចំនួនសំបុត្រចូលទស្សនាការប្រកួតខាងលើដែលត្រូវបានទិញតាមអនឡាញ បានឡើងដល់ជាង 350,000 សំបុត្រទៅហើយ ខណៈកីឡដ្ឋាន King Fahd អាចដាក់មនុស្សបានប្រហែលតែ 68,000 នាក់ប៉ុណ្ណោះ៕