(សហរដ្ឋអាម៉េរិក) – ក្រុមហ៊ុន Jetoptera អភិវឌ្ឍគំរូយន្តហោះដែលហោះបានលឿនជាងបណ្ដាយន្តហោះប្រតិកម្មរហ័សដឹកអ្នកដំណើរទៅទៀត ដោយសារតែមានស្លាបយ៉ាងពិសេស។
Jetoptera ដែលជាគំរូយន្តហោះប្រភេទអាចហោះឡើង និងចុះចតដោយត្រង់ (VTOL) មិនមានស្លាបកង្ហាររបស់ក្រុមហ៊ុន Jetoptera នៅ សហរដ្ឋអាម៉េរិក បានបង្ហាញសមត្ថភាពហោះហើរក្នុងល្បឿន 988 គីឡូម៉ែត្រ/ម៉ោង នៅក្នុងពេលសាកល្បង ដែលនេះគឺលឿនជាង Boeing Dreamliner និងលឿនជាងទ្វេដងធៀបនឹងយន្តហោះមានស្លាបផ្អៀង។
ក្រុមហ៊ុន Jetoptera បានបញ្ចេញព័ត៌មានខាងលើបន្ទាប់ពីបានសម្រេចកិច្ចព្រមព្រៀងស្ដីពីការស្រាវជ្រាវច្នៃប្រឌិតអាជីវកម្មខ្នាតតូច (SBIR) លើកទីបួនជាមួយនឹងទ័ពអាកាសអាម៉េរិក នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 17 មករា។
ជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបង្ហាប់អគ្គិសនី Jetoptera ប្រើប្រាស់ទួរប៊ីនឧស្ម័ន នាំឧស្ម័នដែលបំភាយចេញតាមរយៈប្រព័ន្ធរុញច្រានធាតុរាវ (FPS)។ ខ្យល់ដែលបានបង្ហាប់ត្រូវបាននាំចេញតាមប្រហោងតូចៗនៅជុំវិញផ្ទៃខាងក្នុងរបស់ឧបករណ៍ប្រហោងក្នុង។ យោងតាម Jetoptera ប្រព័ន្ធនេះផ្ដល់កម្លាំងរុញច្រានខ្លាំងជាង 10% និងប្រើប្រាស់ឧស្ម័នតិចជាង 50% ធៀបនឹងម៉ូទ័រទួរប៊ីនប្រតិកម្មខ្នាតតូច។ បើធៀបនឹងម៉ូទ័រទួរប៊ីនប្រតិកម្មមានស្លាបកង្ហារ ប្រព័ន្ធរបស់ Jetoptera ស្រាលជាង 30% និងមិនសូវស្មុគស្មាញ។ គ្រឿងម៉ាស៊ីនរបស់ Jetoptera ក៏មានស្ងាត់ជាងរហូតដល់ 25% ធៀបនឹងម៉ាស៊ីនរុញច្រានដែលមានទំហំប្រហាក់ប្រហែល។
Jetoptera បានឱ្យដឹងថា ក្រុមហ៊ុនបានបង្កើតគំរូយន្តហោះខ្នាតតូចរបស់យន្តហោះខាងលើ នៅក្នុងកម្មវិធី AFWERX HSVTOL។ កម្មវិធីនេះមានក្រុមហ៊ុនចំនួន 11 ចូលរួមរចនាយន្តហោះយោធា VTOL ជំនាន់ថ្មីដែលមានប្រសិទ្ធភាពខ្ពស់ជាងឆ្ងាយធៀបនឹងយន្តហោះដែលមាននៅលើទីផ្សារបច្ចុប្បន្ន។ គំរូយន្តហោះខ្នាតតូចរបស់ Jetoptera កំពុងត្រូវបានសាកល្បងនៅក្នុងផ្លូវរូងខ្យល់ក្រោមដី និងមានល្បឿនឡើងដល់កម្រិត Mach 0.8 (988 គីឡូម៉ែត្រ/ម៉ោង)។
រចនារូបរាងរបស់យន្តហោះខាងលើនឹងត្រូវបានវាយតម្លៃក្នុងរង្វង់ 6 ខែទៀត។ ក្រុមហ៊ុន Jetoptera សង្ឃឹមថា នឹងអាចដំណើរការកំណែសាកល្បងនៅក្នុងឆ្នាំ 2025៕