(អារ៉ាប៊ីសាអូឌីត) – អ្នកជំនួញ Mushraf Al Ghamdi បានឈ្នះក្នុងការដេញថ្លៃសំបុត្រពិសេសចូលទស្សនាការប្រកួតរវាង PSG និង Saudi All-Star ដែលមានការចូលរួមរបស់កំពូលតារាបាល់ទាត់ Messi និង Ronaldo។
«សូមអបអរសាទរ។ សំបុត្រមនុស្សធម៌ «Above Imagination» លក់ដេញថ្លៃបានខ្ពស់បំផុតគឺ 10 លានរីយ៉ាល (ប្រហែលនឹង 2.7 លានដុល្លារអាម៉េរិក) ហើយត្រូវបានទិញដោយអ្នកជំនួញផ្នែកអចលនទ្រព្យ Mushraf Al Ghamdi» មេដឹកនាំក្នុងវិស័យកំសាន្តរបស់អារ៉ាប៊ីសាអូឌីត Turki Al Sheikh ប្រកាសនៅលើ Twitter កាលពីថ្ងៃទី 17 មករា។
Mushraf Al Ghamdi ដែលជាអ្នកជំនួញផ្នែកអចលនទ្រព្យនៅ អារ៉ាប៊ីសាអូឌីត បាននាំមុខគេក្នុងការដេញថ្លៃដែលបានចាប់ផ្ដើមតាំងពីមួយសប្ដាហ៍មុន។ ទឹកប្រាក់ដែលបានពីការលក់សំបុត្រពិសេសនេះនឹងត្រូវបានផ្ទេរទៅឱ្យអង្គការមនុស្សធម៌ Ehsan របស់រដ្ឋាភិបាលប្រទេសនេះ។
ទន្ទឹមនឹងការចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌ សំបុត្រពិសេសនេះក៏នឹងអនុញ្ញាតឱ្យម្ចាស់កម្មសិទ្ធិចូលទស្សនាការប្រកួតពីជ្រុងមួយយ៉ាងពិសេស។ ក្រោយពីការប្រកួតបានបញ្ចប់ ម្ចាស់សំបុត្រថែមទាំងមានសិទ្ធិចូលទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ជួប Messi និង Ronaldo ទៀតផង។
ការប្រកួតមិត្តភាពរវាង PSG និង Saudi All-Star នឹងធ្វើឡើងនៅថ្ងៃទី 19 មករា ក្នុងកីឡដ្ឋាន King Fahd នៅរាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ នេះគឺជាការប៉ះគ្នាដំបូងរបស់ Messi ដែលជាកំពូលកីឡាកររបស់ក្លឹប PSG និង Ronaldo កំពូលកីឡាកររបស់ Saudi All-Star រាប់ចាប់ពីឆ្នាំ 2020។ PSG នឹងទទួលបាន 10 លានដុល្លារអាម៉េរិក ពីការប្រកួតមិត្តភាពនេះ។
Saudi All-Star គឺជាក្រុមបាល់ទាត់ចម្រុះរវាងក្លឹបធំជាងគេពីររបស់អារ៉ាប៊ីសាអូឌីត គឺ Al Nassr និង Al Hilal។ Ronaldo នឹងធ្វើជាប្រធានក្រុមកីឡាកររបស់ក្រុមចម្រុះនេះ៕