មន្ត្រីឥណ្ឌូណេស៊ី បានបង្ហើបឱ្យដឹងថា ប្រទេសនេះកំពុងបង្ហើយកិច្ចការសម្រាប់កិច្ចព្រមព្រៀងជាមួយ BYD (ចិន) និង Tesla (អាម៉េរិក) ក្នុងការវិនិយោគលើការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅទីនេះ។
លោក Luhut Pandjaitan រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងវិនិយោគរបស់ឥណ្ឌូណេស៊ី បានថ្លែងកាលពីម្សិលមិញថា «បណ្ដាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗរបស់ពិភពលោកនឹងមកបណ្ដាក់ទុននៅទីនេះ។ ក្រុមហ៊ុន BYD លេខមួយលើពិភពលោក Tesla លេខពីរ រួមនឹង Hyundai ជាដើម សុទ្ធតែកំពុងបង្ហើយកិច្ចការសម្រាប់កិច្ចព្រមព្រៀងជាមួយឥណ្ឌូណេស៊ី»។ BYD កាលពីឆ្នាំកន្លង បានយកឈ្នះលើ Tesla ហើយក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេលើពិភពលោកស្ដីពីបរិមាណរថយន្តដែលបានលក់ចេញ។
កាលពីសប្ដាហ៍កន្លង ប្រភពព័ត៌មានរបស់ Bloomberg បានឱ្យដឹងថា Tesla និងឥណ្ឌូណេស៊ី កំពុងចរចាគ្នាអំពីការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីឱ្យបាន 1 លានគ្រឿងជារៀងរាល់ឆ្នាំ។ បើសិនជាកិច្ចព្រមព្រៀងខាងលើត្រូវបានចុះហត្ថលេខា នោះនឹងជារោងចក្រទីបីរបស់ Tesla ដែលស្ថិតនៅខាងក្រៅសហរដ្ឋអាម៉េរិក បន្ទាប់ពីរោងចក្រនៅប្រទេសចិន និងអាល្លឺម៉ង់។
ឥណ្ឌូណេស៊ី តាំងពីយូរមកហើយ បានអញ្ជើញ Tesla មកបណ្ដាក់ទុន។ ប្រធានាធិបតី Joko Widodo បានទៅជួប CEO របស់ Tesla លោក Elon Musk កាលពីខែឧសភា 2022 និងសម្រេចបានកិច្ចព្រមព្រៀងផ្គត់ផ្គង់នីកែលតម្លៃ 5 ពាន់លានដុល្លារអាម៉េរិកកាលពីខែសីហាឆ្នាំកន្លង។ កាលណោះ លោក Widodo ក៏ឱ្យដឹងថា ចង់ឱ្យ Tesla មកផលិតរថយន្តអគ្គិសនីនៅប្រទេសនេះ។
ឥណ្ឌូណេស៊ី កំពុងជំរុញការវិនិយោគទៅលើការផលិតថ្មផ្ទុកអគ្គិសនី និងរថយន្តអគ្គិសនីក្នុងប្រទេសដើម្បីប្រើប្រាស់ប្រភពធនធាននីកែលដ៏សម្បូរបែបឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai បានសម្ពោធរោងចក្រនៅឥណ្ឌូណេស៊ី កាលពីខែឧសភាឆ្នាំកន្លង ដើម្បីផលិតរថយន្តអគ្គិសនី។ ចំណែក SGMW Motor Indonesia ដែលជាក្រុមហ៊ុនបណ្ដាក់ទុនរួមរវាង SAIC Motor, General Motors និង Wuling Motor Holdings ក៏បានសាងសង់បណ្ដារោងចក្រដំឡើងរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ីផងដែរ។
ឥណ្ឌូណេស៊ីគឺជាច្រកចេញដើម្បីឱ្យបណ្ដាក្រុមហ៊ុនផលិតរថយន្ត អាចចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ដែលមានប្រជាជនជាង 675 លាននាក់។ ក៏ប៉ុន្តែ ទីនេះគឺជាទីផ្សារដែលលំបាកសម្រាប់អ្នកផលិតរថយន្តប្រណិតៗ ដោយសារថា រថយន្តដែលមានតម្លៃក្រោម 20,000 ដុល្លារអាម៉េរិក មានចំណែកធំជាងគេនៅក្នុងបរិមាណរថយន្តដែលបានលក់ចេញ៕