Skip to content

ក្លឹប​បាល់ទាត់ PSG រៀប​គម្រោង​ទិញ​កីឡដ្ឋាន​ធំជាងគេ​នៅ​ប្រទេស​បារាំង

ដោយសារតែ​បរាជ័យ​ក្នុង​ការទិញ​កីឡដ្ឋាន Le Parc des Princes ក្លឹប PSG បច្ចុប្បន្នកំពុង​ព្យាយាម​ក្នុងការ​កែប្រែ​កីឡដ្ឋាន​ជាតិ​បារាំង Stade de France ឱ្យទៅជា​ទីលាន​ផ្ទាល់ខ្លួន​របស់​ពួកគេ។

ចាប់តាំងពី​បាន​បង្កើតឡើង​កាលពី​ឆ្នាំ 1970 ក្លឹប PSG តែងតែ​ផ្សារភ្ជាប់​ជាមួយនឹង​កីឡដ្ឋាន Le Parc des Princes ហើយ​នៅទីនេះ​មាន​អនុស្សាវរីយ៍​ជាច្រើន​របស់​ក្លឹប​បាល់ទាត់​រដ្ឋធានី​បារី​ស។

កាលពី​ឆ្នាំ 2011 ប្រធាន Nasser Al Khelaifi រួម​នឹង​មូលនិធិ​ជាតិ​កាតា Qatar Investment Authority បានទទួល​ជោគជ័យ​ក្នុង​ការក្ដោបក្ដាប់​ក្លឹប PSG។ ប្រវត្តិ​របស់​ក្រុមបាល់ទាត់​នេះ​បាន​ឈាន​ចូលដល់​ទំព័រ​ថ្មី ដោយ​ក្លាយជា​ក្លឹប​ដ៏​ខ្លាំងក្លា​លំដាប់​កំពូល​នៅ​ប្រទេស​បារាំង និង​អឺរ៉ុប។

ក្លឹប PSG បាន​ចំណាយ​ប្រាក់ 85 លាន​អឺរ៉ូ​ក្នុងការ​លើកកម្ពស់​គុណ​ភាព​របស់​កីឡដ្ឋាន Le Parc des Princes ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង។ ហើយ​ក្នុង​ពេលខាងមុខ PSG គ្រោង​នឹង​ចំណាយ 500 លាន​អឺរ៉ូ​ដើម្បី​ស្ដារ​គុណភាព និង​ពង្រីក​កីឡដ្ឋាន​នេះ។

ក៏ប៉ុន្តែ ការសម្រេចចិត្ត​ដកខ្លួន​ពី​ការសន្យា​លក់ Le Parc des Princes ឱ្យ PSG ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​អភិបាលក្រុង​បារី​ស លោកស្រី Anne Hidalgo បាន​នាំឱ្យ PSG ប្រឈម​នឹង​ហានិភ័យ​មិនមាន​កីឡដ្ឋាន​ផ្ទាល់ខ្លួន​នាពេលខាងមុខ។ តាមពិត Le Parc des Princes មិនមែនជា​កម្មសិទ្ធិរ​បស់ PSG ឡើយ ប៉ុន្តែ​គឺជា​កម្មសិទ្ធិ​របស់​អាជ្ញា​ធរ​រដ្ឋធានី​បារី​ស។

បើទោះជា PSG ព្យាយាម​ចរចា​ជាមួយ​លោកស្រី Anne Hidalgo ប៉ុន្តែ​គ្រប់យ៉ាង​បាន​បរាជ័យ។ ពេលនេះ ថ្នាក់ដឹកនាំ​របស់ PSG ត្រូវ​បង្ខំចិត្ត​ដាក់​ផែន​ការរក​កីឡដ្ឋាន​មួយ​ផ្សេងទៀត​ដើម្បី​ជំនួស Le Parc des Princes។

កីឡដ្ឋាន​បាល់ទាត់​ដែល​ត្រូវបាន​ប្រធាន Nasser Al Khelaifi ចាប់អារម្មណ៍​ខ្លាំង​គឺ Stade de France ដែលជា​ពហុ​កីឡដ្ឋាន​ជាតិ​បារាំង។ កីឡដ្ឋាន​នេះ​អាចដាក់​មនុស្ស​បាន 81,000 នាក់ (ឈរ​លេខ​មួយ​នៅ​បារាំង​ស្ដីពី​កម្លាំង​ផ្ទុក)។ Stade de France គឺជា​កម្មសិទ្ធិ​របស់រ​ដ្ឋា​ភិ​បាល​បារាំង ហើយ​បច្ចុប្បន្នកំពុង​ត្រូវបាន​ពពាយនាយ​លក់។

ក្នុងករណី​មិនអាច​ទិញ​បាន Stade de France ក្លឹប PSG នឹងត្រូវ​ចាក​ចេញពី​រដ្ឋធានី​បារី​ស និង​ស្វែងរក​កីឡដ្ឋាន​ផ្សេងទៀត​ដែល​សមស្រប៕

កីឡដ្ឋាន Le Parc des Princes
ពហុកីឡដ្ឋាន Stade de France គឺជាកម្មសិទ្ធិរបស់រដ្ឋាភិបាលបារាំង
ពហុកីឡដ្ឋាន Stade de France គឺជាកម្មសិទ្ធិរបស់រដ្ឋាភិបាលបារាំង

Leave a Reply

Your email address will not be published. Required fields are marked *