ក្រុមហ៊ុនចិន អភិវឌ្ឍទួរប៊ីនខ្យល់ដែលមានស្លាបកង្ហារវិលក្នុងផ្ទៃក្រឡាឡើងដល់ជាង 66,000 ម៉ែត្រក្រឡា និងអាចផលិតអគ្គិសនីបាន 80 GWh ជារៀងរាល់ឆ្នាំ។
កាលពីថ្ងៃទី 06 មករា ក្រុមហ៊ុនសាងសង់កប៉ាល់ចិន (CSSC) បានប្រកាសបង្ហាញទួរប៊ីនខ្យល់ (Wind turbine) H260 18MW យកឈ្នះលើ MySE 16.0-242 របស់ក្រុមហ៊ុន MingYang និងក្លាយជាទួរប៊ីនខ្យល់ធំជាងគេបង្អស់នៅលើពិភពលោក។ ក៏ប៉ុន្តែ ពេលនេះ MingYang បានវិលមករកការប្រកួត ដោយបង្ហើបឱ្យដឹងពីកំណែទួរប៊ីនខ្យល់ថ្មីដែលធំជាងឆ្ងាយ និងមានឈ្មោះថា MySE 18.X-28X ដោយមានកម្ពស់ប្រហាក់ប្រហែលនឹងអគារ 70 ជាន់ នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី 15 មករា 2023។
ក្នុងគ្រាដែល H260 18MW របស់ CSSC មានស្លាបកង្ហារប្រវែង 128 ម៉ែត្រ ទួរប៊ីនខ្យល់ MySE 18.X-28X របស់ MingYang នឹងមានកម្លាំងលើសពី 18 MW ដោយមានស្លាបកង្ហារប្រវែង 140 ម៉ែត្រ និងវិលក្នុងផ្ទៃក្រឡាឡើងដល់ 66,052 ម៉ែត្រការ៉េ។
ក្រុមហ៊ុន MinhYang ឱ្យដឹងថា ទួរប៊ីនខ្យល់ថ្មីនេះអាចទប់ទល់រាល់ស្ថានភាពអាកាសធាតុនៅលើសមុទ្រ រួមទាំងព្យុះធំដែលមានកម្លាំងខ្យល់លើសពី 202 គីឡូម៉ែត្រ/ម៉ោង។ ដោយមានខ្យល់លើសមុទ្រជាមធ្យម 30.6 គីឡូម៉ែត្រ/ម៉ោង ក្រុមហ៊ុននេះព្យាករថា ទួរប៊ីននេះនឹងផលិតអគ្គិសនីបាន 80 GWh ក្នុងមួយឆ្នាំៗ ដែលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តាមតម្រូវការរបស់ប្រជាជន 96,000 នាក់។
មូលហេតុដែលនាំឱ្យបណ្ដាក្រុមហ៊ុននេះគ្នាផលិតទួរប៊ីនខ្យល់ធំៗ គឺដោយសារចង់កាត់បន្ថយការចំណាយក្នុងការសាងសង់។ MingYang ឱ្យដឹងថា «ធៀបនឹងការដំឡើងបណ្ដាទួរប៊ីនខ្យល់ 13 MW កម្លាំងរបស់ MySE18.X-28X នឹងជួយកាត់បន្ថយឧបករណ៍បាន 18 គ្រឿងនៅពេលសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ 1 GW។ នេះមានន័យថា កាត់បន្ថយការចំណាយក្នុងការសាងសង់បានប្រហែលពី 120,000 ទៅ 150,000 ដុល្លារ/MW»។ ដូច្នេះ គម្រោងមួយដែលផលិតអគ្គិសនីបាន 1 GW នឹងសំច័យប្រាក់បានពី 120 លានទៅ 150 លានដុល្លារអាម៉េរិក៕