ក្រុមជម្រើសជាតិថៃ បានទទួលប្រាក់រង្វាន់យ៉ាងច្រើន គឺឡើងដល់ជាង 35 លានបាត ប្រហែលនឹង 4,353,000,000 រៀល បន្ទាប់ពីដណ្ដើមបានតំណែងជើងឯកនៅ AFF Cup 2022។
ការប្រកួតជើងទីពីរនៃវគ្គផ្ដាច់ព្រ័ត្រកាលពីព្រលប់ថ្ងៃទី 16 មករា នៅកីឡដ្ឋាន Thammasat ថៃបានផ្ដួលវៀតណាមដោយលទ្ធផល 1-0។ លទ្ធផលដែលនាំឱ្យថៃឈ្នះសរុប 3-2 ក្នុងវគ្គចុងក្រោយបានជួយឱ្យថៃក្លាយជាជើងឯកលើកលើកទី 7 នៅ AFF Cup បន្ទាប់ពីឆ្នាំ 1996, 2000, 2002, 2014, 2016 និង 2021។
ក្រោយពីការការពារជើងឯក AFF Cup បានជោគជ័យ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិថៃ បានទទួលប្រាក់រង្វាន់ធំ។ ក្រៅពី 10 លានបាត (302,000 ដុល្លារ) ពីសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ក្រុមថៃក៏ទទួលបានប្រាក់បន្ថែម 20 លានបាត (605,000 ដុល្លារ) ពីប្រធានប្រតិភូក្រុមថៃ លោកស្រី Nualphan Lamsam និង 5 លានបាត (151,000 ដុល្លារ) ពីប្រធានសហព័ន្ធបាល់ទាត់ថៃ លោក Somyot Boompanmuang ផងដែរ។
ជាសរុប Teerasil Dangda និងក្រុមកីឡាករថៃ បានទទួល 35 លានបាត (1,059,000 ដុល្លារអាម៉េរិក) សម្រាប់តំណែងជើងឯក AFF Cup 2022។ ខ្ទង់ប្រាក់នេះអាចនឹងកើនឡើងបន្ថែមទៀត បើសិនមានម្ចាស់ឧបត្ថម្ភដែលចង់លើកតម្កើងក្រុមជម្រើសជាតិ។
ក្រៅពីតំណែង និងកិត្តិនាមរួម ខ្សែប្រយុទ្ធថៃ Teerasil Dangda ក៏ទទួលបានតំណែង «ស្ដេចកម្ទេចសំណាញ់ទី» ដូចទៅនឹង Nguyen Tien Linh របស់វៀតណាម ដោយរកបាន 6 គ្រាប់ដូចគ្នា។ ចំណែកខ្សែបម្រើរបស់ថៃ Theerathon Bunmathan ក៏ទទួលបានតំណែង «កីឡាករឆ្នើមបំផុតនៅ AFF Cup 2022»៕