ដើម្បីចូលរួមជំរុញលើសកម្មភាពនៃការប្រមូលផលស្រូវឱ្យមានភាពរលូនល្អ ក្នុងដំណាក់កាលដំបូងនៃការប្រមូលផលនេះធនាគារអភិវឌ្ឍន៍ជនបទបានទម្លាក់ឥណទានក្នុងរង្វង់10លានដុល្លារសម្រាប់ម្ចាស់រោងម៉ាស៊ីន។
ឯកឧត្ដម កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានលើកឡើងថា នៅឆ្នាំនេះធនាគារមានកញ្ចប់ឥណទានសរុប50លានដុល្លារ ជាទឹកប្រាក់សម្រាប់ទ្រទ្រង់លើវិស័យស្រូវអង្ករ ខណៈដែលកាលពីឆ្នាំ2016 មានតែ27លានដុល្លារប៉ុណ្ណោះ។ ឯកឧត្ដមបន្ដថា ក្នុងរដូវកាលប្រមូលផលដំបូងធនាគារអភិវឌ្ឍន៍ជនបទបានត្រៀមកញ្ចប់ឥណទានសម្រាប់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្នុងរង្វង់10លានដុល្លារជាមួយនឹងអត្រាការប្រាក់5%ក្នុងមួយឆ្នាំ ដើម្បីទិញស្រូវយកមកស្តុកទុក។ ពិសេសរដូវប្រមូលផលស្រូវធំដែលនឹងជិតឈានចូលមកដល់ក្នុងអំឡុងពេលប៉ុន្មានខែខាងមុខនេះ។
ជាមួយនឹងការត្រៀមឥណទានថ្មីៗនេះ ធនាគារអភិវឌ្ឍន៍ជនបទបានទម្លាក់កញ្ចប់ថវិកាកម្ចី15លានដុល្លារដល់ក្រុមហ៊ុននាំអង្ករចេញធំៗចំនួន 2 ដើម្បីយកទៅសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវនៅក្នុងខេត្ដចំនួន 3 គឺខេត្ដកំពង់ធំ ព្រៃវែង និងតាកែវដែលនឹងត្រូវសាងសង់រួចនៅខែមករា ឆ្នាំ2018 ខណៈដែលរដូវប្រមូលផលធំត្រៀមនឹងប្រមូលផលស្រូវសែនក្រអូប និងសុម៉ាលីសម្រាប់បំពេញតម្រូវការទីផ្សារ។
អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បញ្ជាក់ថា៖« ឆ្នាំមុនឥណទានសរុបបានទម្លាក់27លានដុល្លារអាមេរិក ឆ្នាំនេះថែម23លានដុល្លារទៀតដូច្នេះសរុប50លានដុលា្លរ។ ក្នុងរដូវកាលទី1យើងបានត្រៀម10លានហើយ ដូច្នេះយើងសង្ឃឹមថា នៅរដូវកាលប្រមូលផលធំពីខែវិច្ឆិកាដល់ខែកុម្ភៈនឹងមានដំណើរការកាន់តែល្អជាងមុន។ ក្នុងនោះគឺយើងទម្លាក់អត្រាការប្រាក់នៅសល់ត្រឹម5% ក្នុងពេលដែលធនាគារផ្សេងអត់ទាន់មាននរណាទម្លាក់ដល់ថ្នាក់ហ្នឹងទេ»។ ឯកឧត្ដមបន្ថែមថា មូលហេតុនៃការបន្ថែមឥណទានសម្រាប់ទ្រទ្រង់លើវិស័យស្រូវអង្ករនេះ ព្រោះតែមានតម្រូវការអង្ករក្នុងប្រទេសច្រើន ដូច្នេះទើបយើងជំរុញលើការប្រមូលផលបន្ថែមទៀត៕