(ប្រទេសថៃ) – ប្រធានក្រុមកីឡាករវៀតណាម Do Hung Dung ទទួលស្គាល់ថា ក្រុមជម្រើសជាតិថៃលេងបានល្អជាងនៅវគ្គផ្ដាច់ព្រ័ត្រជើងទីពីរ និងស័ក្ដិសមជាជើងឯក AFF Cup 2022។
ការប្រកួតនៅកីឡដ្ឋាន Thammasat កាលពីព្រលប់ថ្ងៃទី 16 មករា បានបញ្ចប់ដោយថៃឈ្នះវៀតណាម 1-0 នៅនាទីទី 24 នាំឱ្យវៀតណាមចាញ់សរុប 2-3 ក្នុងវគ្គផ្ដាច់ព្រ័ត្រ និងជួយឱ្យថៃក្លាយជាជើងឯក AFF Cup លើកទី 7។
ប្រធានក្រុមកីឡាករវៀតណាម Do Hung Dung និយាយថា «យើងចាញ់ ប៉ុន្តែត្រូវតែទទួលស្គាល់ថា ថៃគឺជាក្រុមខ្លាំង។ ពួកគេឈ្នះ និងដណ្ដើមបានពានរង្វាន់ជើងឯកគឺស័ក្ដិសម។ យើងបានលេងមួយប្រកួតដោយការខំប្រឹង និងមិនមានអ្វីត្រូវស្ដាយក្រោយឡើយនៅថ្ងៃនេះ»។
ប្រធានក្រុមកីឡាករវៀតណាម Do Hung Dung (លេខ 8)
ខុសពីការប្រកួតជើងទីមួយ នៅជើងទីពីរនេះ វៀតណាមមិនអាចបង្កឱកាសច្បាស់ៗណាមួយឡើង។ ចំណែកខាងថៃវិញ ក្រុមកីឡាករសហការគ្នាបានល្អនៅខ្សែកណ្ដាល។ នេះគឺជាបរាជ័យទីពីររបស់វៀតណាម ក្រោមសម័យគ្រូបង្វឹក Park Hang-seo នៅចំពោះមុខក្រុមជម្រើសជាតិថៃនៅ AFF Cup។ មុននោះ វៀតណាមបានចាញ់ 0-2 ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីមួយកាលពីឆ្នាំ 2021។
ការប្រកួតវគ្គផ្ដច់ព្រ័ត្រជើងទីមួយរវាងថៃ និងវៀតណាម នៅ AFF Cup 2022
ការប្រកួតវគ្គផ្ដច់ព្រ័ត្រជើងទីពីររវាងថៃ និងវៀតណាម នៅ AFF Cup 2022
ជើងចុងក្រោយនៃវគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញក៏ជាការប្រកួតបិទបញ្ចប់វត្តមាន 5 ឆ្នាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Park Hang-seo នៅក្នុងក្រុមជម្រើសជាតិវៀតណាម។ កិច្ចសន្យារវាងលោក Park និងក្រុមវៀតណាម នឹងត្រូវអស់សុពលភាពចាប់ពីថ្ងៃទី 31 មករា 2023៕