(ប្រទេសថៃ) – គ្រូបង្វឹក Mono Polking អះអាងថា ថៃបានបញ្ជាក់អំពីឋានៈលេខមួយនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីបានផ្ដួលវៀតណាម និងក្លាយជាជើងឯក AFF Cup 2022។
«…យើងតែងតែលេខមួយ និងតែងតែឈានផុតពីអាស៊ីអាគ្នេយ៍។ ថៃត្រូវការបញ្ជាក់នៅក្នុងបណ្ដាពានធំជាងនេះ មានដូចជា Asian Cup ជាដើម ដែលមានគូប្រជែងខ្លាំងៗ មានជាអាទិ៍ ជប៉ុន កូរ៉េខាងត្បូង ឬ UAE» គ្រូបង្វឹកជនជាតិប្រេស៊ីលរបស់ក្រុមជម្រើសជាតិថៃ លោក Polking ថ្លែងដូច្នេះបន្ទាប់ពីបានយកឈ្នះវៀតណាម 1-0 ក្នុងការប្រកួតជើងចុងក្រោយនៃវគ្គផ្ដាច់ព្រ័ត្រ និងឈ្នះសរុប 3-2 នៅវគ្គផ្ដាច់ព្រ័ត្រនៅ AFF Cup 2022 កាលពីព្រលប់ម្សិលមិញ។
គ្រូបង្វឹករបស់ថៃនិយាយថា លោកមានកីឡាករឆ្នើមៗ និងលើកសរសើរចំពោះស្មារតីរបស់ក្រុមទាំងមូល។ ក្នុងការប្រកួតជើងចុងក្រោយនៃវគ្គផ្ដាច់ព្រ័ត្រ គ្រូបង្វឹក Polking រក្សាវត្តមានកីឡាករជម្រើសដំបូងទាំង 11 នាក់។ ថៃរកបាន 1 គ្រាប់ដំបូងក្នុងនាទីទី 24 ពេល Adisak Kraisorn បញ្ជូនបាល់ឱ្យ Theerathon Bunmathan ស៊ុតពីចម្ងាយ ផ្ដួលអ្នកចាំទីវៀតណាម Dang Van Lam នាំឱ្យពួកគេឈ្នះវៀតណាម 3-2 នៅវគ្គផ្ដាច់ព្រ័ត្រ។
ថៃឈ្នះវៀតណាម 3-2 នៅវគ្គផ្ដាច់ព្រ័ត្ររបស់ AFF Cup 2022
ជ័យជម្នះខាងលើ បានជួយឱ្យថៃក្លាយជាម្ចាស់ជើងឯក AFF Cup លើកទី 7 ក្រោយពីឆ្នាំ 1996, 2000, 2002, 2014, 2016 និង 2020។ នេះក៏ជាជើងឯកអាស៊ីអាគ្នេយ៍លើកទីពីររបស់គ្រូបង្វឹក Polking ផងដែរ។ គ្រូបង្វឹករូបនេះបានចូលដឹកនាំក្រុមជម្រើសជាតិថៃមុន AFF Cup 2020 មកដល់ និងបានជួយឱ្យថៃដណ្ដើមបានជើងឯក ក្រោយពីផ្ដួលវៀតណាមនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងឈ្នះឥណ្ឌូណេស៊ីនៅវគ្គផ្ដាច់ព្រ័ត្រ៕