ភ្នំពេញ៖ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីអុំទូកដែលនឹងចូលមកដល់នៅថ្ងៃទី2 ដល់ថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2014ខាងមុខឆាប់ៗនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវដល់ពលរដ្ឋអ្នកធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទ ពិសេសស្រទាប់យុវជនត្រូវបើកបរដោយភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ចំពោះខ្លួនឯង និងអ្នកដទៃ។
ខ្លឹមសារនៃសេចក្តីអំពាវនាវខាងលើបានកោតសរសើរប្រកបដោយក្តីមោទនបំផុតចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុសក្នុងពេលធ្វើចរាចរ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកន្លងទៅ។
ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមចំពោះមុខយូរអង្វែងដែលអាចកើតឡើងភ្លាមៗ ក្នុងករណីអ្នកប្រើប្រាស់ផ្លូវមានការធ្វេសប្រហែស ឬខ្ជីខ្ជាមិនគោរពច្បាប់។ គួរកត់សម្គាល់ថា ក្នុងត្រីមាសទី3 ឆ្នាំ2017នេះ មានអ្នកជិះទោចក្រយានយន្តចំនួន 77% ដែលភាគច្រើនជាយុវវ័យបានក្លាយជាជនរងនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហើយក្នុងចំណោមជនរងគ្រោះទាំងនោះ មានចំនួន66% មិនបានពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរ។
ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី2 ដល់ថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2017 ខាងមុខនេះ យានយន្តធ្វើចរាចរនឹងមានកំណើនខ្ពស់ខុសប្រក្រតីដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ឬការកកស្ទះចរាចរណ៍ដូចក្នុងពិធីបុណ្យនានាកន្លងទៅផងដែរ។
ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវគោកដូចខាងក្រោម៖
1.ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។
2.មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។
3.មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។
4.ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
5.ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។
6.មិនត្រូវបត់ ឬវ៉ាប្រជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។
7.ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ។ល។
- សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសបុណ្យអុំទូក។
9.មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកដាច់ខាត។
និង10.ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច និងប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក៕