(សហរដ្ឋអាម៉េរិក) – យន្តហោះធំជាងគេលើពិភពលោក Roc របស់ក្រុមហ៊ុន Stratolaunch បំបែកកំណត់ត្រាថ្មីក្នុងជើងហោះហើរសាកល្បងលើកទីពីរដោយនាំយកយានល្បឿនលឿនជាងសំឡេងទៅជាមួយ។
Roc បានហោះឡើងពីព្រលានអវកាសចរណ៍ Mofave នៅ California ខាងកើត និងចុះចតនៅកន្លែងដដែលបន្ទាប់ពីហោះហើរបាន 6 ម៉ោង កាលពីថ្ងៃទី 14 មករា ម៉ោងនៅកម្ពុជា។ តំណាងក្រុមហ៊ុន Stratolaunch ឱ្យដឹងថា យន្តហោះនេះបានហោះឡើងដល់កម្ពស់ 6,860 ម៉ែត្រ។
ក្រៅពីការក្លាយជាជើងហោះហើរយូរជាងគេបំផុតរបស់ Roc ការសាកល្បងហោះហើរនេះក៏ជាលើកដំបូងដែលយន្តហោះនេះផ្សងគ្រោះថ្នាក់ហោះចេញទៅខាងក្រៅសមុទ្រខ្សាច់ Mojave ផងដែរ នេះបើតាម Stratolaunch។
មកដល់បច្ចុប្បន្ន Roc ហោះហើរបាន 9 ជើងរួចហើយ ប៉ុន្តែនេះទើបតែជាលើកទីពីរដែលយន្តហោះនេះបានដឹកយានល្បឿនលឿនជាងសំឡេង 5 ដង Talon-A។ ជើងហោះហើរសាកល្បងដំបូងរបស់ Roc ត្រូវបានធ្វើឡើងកាលពីឆ្នាំ 2021 ដែលកាលណោះវាហោះក្នុងរយៈពេល 5 ម៉ោង និងកម្ពស់ 7,000 ម៉ែត្រ។
ការសាកល្បងរបស់ Talon-A កំពុងក្លាយជាគ្រឹះសម្រាប់ការបាញ់បង្ហោះយានល្បឿនលឿនជាងសំឡេងពីលើអាកាសរបស់ Stratolaunch ដែលគ្រោងចាប់ផ្ដើមនៅចុងឆ្នាំនេះ។
Stratolaunch ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2011 ដោយសហស្ថាបនិករបស់ Microsoft លោក Paul Allen ដើម្បីបាញ់បង្ហោះយានពីអាកាសទៅកាន់អវកាស។ ក្រុមហ៊ុននេះកំពុងអភិវឌ្ឍយាន Talon គំរូជាច្រើនដើម្បីសាកល្បងហោះហើរក្នុងល្បឿនលឿនជាងសំឡេងរហូតដល់កម្រិត Mach 6 (7.408 គីឡូម៉ែត្រ/ម៉ោង)។
Talon-A មានបណ្ដោយ 8.5 ម៉ែត្រ និងទម្ងន់ 2,700 គីឡូក្រាម អាចហោះឡើងពីព្រលានយន្តហោះ ឬបាញ់បង្ហោះពីអាកាសតាមរយៈយន្តហោះដឹកជញ្ជូន Roc។ Roc គឺជាយន្តហោះធំជាងគេបង្អស់លើពិភពលោក ដោយមានស្លាបប្រវែងឡើងដល់ 117 ម៉ែត្រ វែងជាងទីលានបាល់ទាត់ទៅទៀត៕