Skip to content

AFF Cup 2022 – ខ្សែប្រយុទ្ធ​លេខ​មួយ​របស់​ថៃ ពិបាក​ចូលប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ

(ប្រទេស​ថៃ) – Teerasil Dangda បន្ត​ហាត់​ដាច់ដោយឡែក​កាលពី​ល្ងាច​​ថ្ងៃទី 15 មករា ហើយ​ទំនងជា​ពិបាក​នឹង​អាច​ចូលរួម​ប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022 ដែល​ថៃ​ត្រូវ​ប៉ះ​វៀតណាម​នៅ​​ថ្ងៃទី 16 មករា​នេះ។

ក្រុម​កីឡាករ​ជម្រើសជាតិ​ថៃ បាន​ចូល​ហាត់​នៅវេលា​ម៉ោង 17 និង 10 នាទី កាលពី​ម្សិលមិញ យឺត​ជាង 10 នាទី​ធៀប​នឹង​ការគ្រោងទុក​ដំបូង។ ក្រុម​កីឡាករ​ចាប់ផ្ដើម​ដោយ​ការរត់​លើ​ទីលាន​នៅ​កីឡដ្ឋាន Thammasat ប៉ុន្តែ Teerasil បែរជា​ដើរ​ជាមួយ​បុគ្គលិក​សុខាភិបាលទៅ​វិញ​។

កីឡា​ករលេខ​មួយ​របស់​ថៃ បាន​រងរបួស​ត្រង់​កំភួនជើង​នៅក្នុង​ការប្រកួត​ដែល​បានឈ្នះ​ក្រុម​ម៉ាឡេស៊ី 3-0 នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ និង​មិនបាន​ចូល​ទាត់​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទីមួយ​នៅ​វៀតណាម។ កាលពី​ថ្ងៃទី 14 មករា Teerasil ក៏​មិនបាន​ចូល​ហាត់ ប៉ុន្តែ​បាន​ទៅ​មន្ទីរពេទ្យ។ កីឡាករ​រូបនេះ​ប្រហែលជា​មិនអាច​ចូលរួម​ប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ AFF Cup 2022 ដែល​ថៃ​ត្រូវ​ប៉ះ​វៀតណាម​នៅ​ល្ងាច​ថ្ងៃទី 16 មករា​នេះ​ទេ។

Teerasil Dangda រកបាន 6 គ្រាប់​ស្មើនឹង Tien Linh របស់​ក្រុម​វៀតណាម ដែល​បច្ចុប្បន្ន​ពួក​គេ​​​កំពុង​នាំមុខ​ក្នុង​តារាង​ចំណាត់ថ្នាក់​ស្ដេច​កម្ទេច​ទី​នៅ AFF Cup 2022។ ខ្សែប្រយុទ្ធ​កើត​ឆ្នាំ 1988 នេះ​ធ្លាប់​ដណ្ដើមបាន​តំណែង​​ស្ដេច​កម្ទេច​សំណាញ់​ទីចំនួន 4 លើក​ ​នៅ AFF Cup ហើយ​បច្ចុប្បន្ន​គឺជា​កំពូល​ថ្វី​ជើង​លំដាប់​ទីមួយ​របស់​ពាន​រង្វាន់​នេះ​ ដោយ​រកបាន 25 គ្រាប់។

ក្រោយពី​ទទួលបាន​លទ្ធផល 2-2 ពេល​ប៉ះ​​វៀតណាម​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី​មួយ​​នៅ​កីឡដ្ឋាន My Dinh ក្រុម​ថៃ​កាន់តែ​មានការ​ជឿជាក់​នៅ​ពេល​ធ្វើជា​ម្ចាស់ផ្ទះ។ នៅ​កីឡដ្ឋាន Thammasat ថៃ​ទើបតែ​ត្រូវ​ប៉ើង​សំណាញ់​ទីមួយ​គ្រាប់​ប៉ុណ្ណោះ ពេល​បានឈ្នះ​កម្ពុជា 3-1។

ការប្រកួត​រវាង​ថៃ និង​វៀតណាម នឹង​ចាប់ផ្ដើម​នៅវេលា​ម៉ោង 19 និង 30 នាទី ថ្ងៃទី 16 មករា 2023។ ក្រុម​ដែល​ដណ្ដើមបាន​តំណែង​ជើងឯក​នឹង​ត្រូវបាន​ប្រធាន FIFA លោក Gianni Infantino ប្រគល់​ពានរង្វាន់​ដោយផ្ទាល់៕

Leave a Reply

Your email address will not be published. Required fields are marked *