នៅយុគសម័យបច្ចេកវិទ្យានេះ សហគ្រិនភាព ជាអ្វីដែលមនុស្សស្ទើរតែគ្រប់គ្នាប៉ងប្រាថ្នា ព្រោះថា ការធ្វើខ្លួនជាសហគ្រិនម្នាក់ គឺជាមនុស្សដែលត្រូវបានគេឱ្យតម្លៃ ជាអ្នកក្តោបក្តាប់លើវាសនាខ្លួនឯង ជាអ្នកផ្តល់ឱកាសដល់មនុស្សដទៃ រួមទាំងជាអ្នកដែលអាចជួយសង្គមបានច្រើនទៀតផង។ ដោយមើលឃើញពីចរន្តប្រកបដោយភាពវិជ្ជមាននេះ មានមនុស្សជាច្រើនចាប់ផ្តើមវិវឌ្ឍខ្លួនពីអ្នកធ្វើការឱ្យគេ មកធ្វើជាពាណិជ្ជករដោយខ្លួនឯងដែលពេលខ្លះបរាជ័យ ហើយវាបានក្លាយជាមេរៀនមួយដែលធ្វើឱ្យពួកគេស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរយ៉ាងសំខាន់នេះ។
ស្ថាបនិកគ្រឹះស្ថានអប់រំ Start Up Cambodia លោក គីម ដារ៉ា បានលើកឡើងថា អ្នកធ្វើការដែលមានបំណងចង់ក្លាយជាអ្នកជំនួញ ត្រូវគិតថា កន្លែងធ្វើការ គឺជាសាលារៀនដែលអាចឱ្យយើងរៀនពីគ្រប់ផ្នែក តាំងពីផ្នែកតូចៗរហូតដល់ការគ្រប់គ្រងស្ថាប័នដែលមានមនុស្សច្រើន។ ដើម្បីដើរលើផ្លូវនេះឱ្យបានល្អ អ្នកដែលចង់ក្លាយខ្លួនជាសហគ្រិនគួរពង្រឹងសមត្ថភាពខ្លួនឯងឱ្យធ្វើយ៉ាងណាបានឡើងតំណែងម្តងបន្តិចៗរហូតដល់ក្លាយជាមេគេ ឬជិតមេនៅក្នុងស្ថាប័នមួយ ដែលចំណុចនេះអាចធ្វើឱ្យយើងទទួលបានទាំងគ្រឹះហិរញ្ញវត្ថុរឹងមាំ និងបទពិសោធច្រើនក្នុងការធ្វើជំនួញ ដែលអាចធ្វើឱ្យយើងចេះប្រុងប្រយ័ត្ន ហើយប្រឈមនឹងបរាជ័យតិចតួចបំផុត។
លោក គីម ដារ៉ា បាននិយាយថា៖ «ការធ្វើអាជីវកម្មគឺជារឿងដែលត្រូវប្រថុយ តែក៏មិនមែនមានន័យថា ត្រូវប្រថុយដោយគ្មានចំណេះដឹង និងភាពច្បាស់លាស់នោះដែរ។ មុននឹងបង្កើតអាជីវកម្មមួយត្រូវសិក្សាឱ្យល្អិតល្អន់ និងច្បាស់លាស់សិនចាំធ្វើ ទើបមិនត្រូវដួលច្រើនដង ហើយការធ្វើជំនួញបែបនេះក៏បង្ហាញពីភាពចាស់ទុំផងដែរ»។
លោក គីម ដារ៉ា បានបន្ថែមថា ជម្រើសល្អមួយផ្សេងទៀតសម្រាប់អ្នកចង់ធ្វើជំនួញ គឺត្រូវចេះជ្រើសរើសម៉ូដែលដែលយើងចង់ធ្វើនោះដើម្បីសាកល្បង។ វិធីសាស្ត្រសាកល្បងគឺអាចចាប់ផ្តើមពីអាជីវកម្មណាមួយជាទ្រង់ទ្រាយតូចបំផុត ហើយសិក្សាបណ្តើរៗពីកត្តាប្រឈមរបស់វា ដើម្បីដោះស្រាយ និងត្រៀមចិត្តពង្រីកវាជាលំដាប់ ឬអាចធ្វើការឱ្យចំអាជីវកម្មនោះដើម្បីសិក្សាពីវាគ្រប់យ៉ាង។ លោក ដារ៉ា បន្ថែមថា មានអ្នកខ្លះមិនពូកែធ្វើការទេ តែគាត់ចង់បើកអាជីវកម្ម ហើយអាជីវកម្មនោះមិនធំពេកទេ ហេតុនេះគាត់ត្រូវទៅធ្វើការងារដើម្បីស្ទង់មើលពីចំណូល និងគន្លឹះមួយចំនួនពីអាជីវកម្មនោះ ដូចជាដាក់ពាក្យធ្វើការនៅហាងកាហ្វេ ដាក់ពាក្យធ្វើការនៅហាងសេវាកម្មមួយចំនួន ដើម្បីដកពិសោធមុននឹងប្រើប្រាស់គំនិតច្នៃប្រឌិតរបស់គាត់យកមករកស៊ី។
ងាកមកអ្នកជំនួញម្នាក់ទៀតលោក ហង្ស ព្រីនយ៉ា ស្ថាបនិកនៃ Business Matching បានលើកឡើងថា ដើម្បីចង់ដឹងថា តើពេលណាជាពេលដែលត្រូវឈប់ធ្វើការឱ្យគេហើយចេញមកធ្វើជំនួញ យើងគួរស្ទង់សមត្ថភាពរបស់ខ្លួនឯងជាមុនសិនថា រវាងយើង និងមេយើង មួយណាខ្លាំងជាង?។ បើដល់ដំណាក់កាលថា យើងខ្លាំងជាងមេហើយ សាកល្បងចេញមក តែបើនៅគិតថាស្ទើរទេ គួររៀនឱ្យខ្លាំងថែមទៀតពីការធ្វើការងារ ឬពីគ្រប់មជ្ឈដ្ឋាន ដើម្បីរត់ឱ្យទាន់ ព្រោះគេធំស្រាប់ហើយ បើគេដើរ យើងត្រូវរត់។
លោក ហង្ស ព្រីនយ៉ា បាននិយាយថា៖ «បើដាក់គោលដៅថា ចង់រកស៊ី ត្រូវស្មោះជាមួយនឹងគោលដៅ ហើយសម្រួចវាឱ្យកាន់តែមុតតាមរយៈការចិញ្ចឹមចិត្ត និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសកម្មភាពតូចៗឆ្ពោះទៅរកគោលដៅនោះ»។
លោក ព្រីនយ៉ា បានបន្ថែមទៀតថា ក្រៅពីការរៀនសូត្រពីការងារហើយ ក្នុងនាមជាអ្នកដែលចិញ្ចិមចិត្តចង់ក្លាយជាអ្នកជំនួញត្រូវតែបង្កើនសម្ព័ន្ធភាពឱ្យបានល្អបំផុតទាំងជាមួយអ្នកធ្វើការងារជាមួយគ្នា ជាមួយនឹងមេដឹកនាំក្រុមហ៊ុន និងជាមួយមនុស្សគ្រប់គ្នាដែលត្រូវទាក់ទងសម្រាប់អនាគតអាជីវកម្ម។ ការបង្កើនសម្ព័ន្ធភាពនេះ គឺអាចចាប់ផ្តើមពីការជ្រើសរើសមេដឹកនាំក្រុមហ៊ុនដែលផ្តល់ឱកាសឱ្យយើងសិក្សារៀនសូត្រ ឬអាចមេដឹកនាំខ្លះរហូតដល់ផ្តល់ភាគហ៊ុនក្នុងកម្រិតណាមួយសម្រាប់យើងថែមទៀតផង។ ម្យ៉ាងវិញទៀត ត្រូវភ្ជាប់ទំនាក់ទំនងជាមួយនឹងដៃគូពាណិជ្ជកម្មនានាដែលយើងអាចពឹងពាក់បាន ឬអាចបង្កើតកិច្ចសហប្រតិបត្តិការល្អបាននៅពេលដែលយើងបង្កើតអាជីវកម្មផ្ទាល់ខ្លួន៕