Skip to content

ក្រោយស្មើ 2-2 នៅព្រលប់នេះ «វៀតណាមត្រូវការឈ្នះតែ 1-0 នៅជើងទីពីរ គឺក្លាយជាជើងឯក»

(វៀតណាម) – គ្រូបង្វឹក​​របស់​ក្រុម​វៀតណាម លោក Park Hang-seo បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្រោយ​ការ​ប្រកួត​ជើង​ទី​មួយ​នៃ​វគ្គ​ផ្ដាច់​ព្រ័ត្រនៅ AFF Cup 2022 ​រវាង​វៀតណាម និង​ថៃ កាល​ពី​ព្រលប់​នេះ​ថា​ «វៀតណាមត្រូវការ​ឈ្នះ​តែ​ 1-0 នៅ​ជើង​ទីពីរ​ គឺក្លាយ​ជាជើង​ឯក»។

«ពិតណាស់ លទ្ធផល 2-2 គឺ​មិន​មាន​អំណោយ​ផល​ល្អ​សម្រាប់​វៀតណាម​ នៅ​ជើង​ទីពីរ​ដែល​ត្រូវ​ប្រកួត​នៅ​ទឹក​ដី​ថៃ ដោយ​សារ​តែ​ច្បាប់​ស្ដី​ពី​គ្រាប់​បាល់​ឈ្នះ​លើ​ទីលាន​ម្ចាស់​ផ្ទះ» គ្រូបង្វឹក​របស់​ក្រុម​វៀតណាម លោក Park បាន​និយាយ​ដូច្នេះ និង​បន្ត​ថា​ «ថៃ​មាន​អំណោយផល​ល្អ​ជាង ប៉ុន្តែ​ប្រការ​នោះ​មិន​មែន​មាន​ន័យ​ថា យើង​ត្រូវ​បោះ​បង់​នោះ​ទេ​។ យើង​នឹង​ប្រឹង​ប្រែង​យក​ឈ្នះ​លើ​ទីលាន​របស់​ថៃ​»។

គ្រូបង្វឹក​វ័យ 66 ឆ្នាំ បាន​សុំ​ទោស​អ្នក​គាំទ្រ​ ព្រោះ​តែ​មិន​បាន​ជួយ​ឱ្យវៀតណាម​ឈ្នះ​ការ​ប្រកួត​ចុង​ក្រោយ​នៅ​លើ​ទីលាន​ម្ចាស់​ផ្ទះ​។ ប៉ុន្តែ លោក​យល់​ថា កីឡាករ​ទាំង​អស់​សុទ្ធ​តែ​ប្រែង​ប្រឹង​រហូត​ដល់​នាទីចុង​ក្រោយ​។

លោក Park Hang-seo គ្រូបង្វឹក​របស់​វៀតណាម

លោក Park យល់​ថា កូនសិស្ស​របស់​លោក​មាន​កំហុស​ត្រង់​ការ​រក្សា​ទីតាំង​ នាំ​ឱ្យ​ចាញ់​ 2 គ្រាប់​។ «ប្រហែល​ជា​ដោយ​សារ​សម្ពាធ​ជា​ម្ចាស់​ផ្ទះ ចង់​ឈ្នះ ទើប​ចាកចេញ​ពី​ទីតាំង​របស់​ខ្លួន» លោក Park បន្ថែម​។

ដោយ​លទ្ធផល​ 2-2 នៅ​ជើង​ទីមួយ វៀតណាមត្រូវ​ការ​ឈ្នះ​លើ​ទីលាន​របស់​ថៃ​នៅ​ជើង​ទីពីរ​ដើម្បី​ក្លាយ​ជា​ជើង​ឯក ឬ​ស្មើ 3-3 ឡើង​ទៅ​។

Leave a Reply

Your email address will not be published. Required fields are marked *