ពីមួយថ្ងៃទៅមួយថ្ងៃ ពិភពលោកចាប់ផ្តើមមានការប្រែប្រួល ហើយការធ្វើការងារ ការប្រកបអាជីវកម្ម និងការរស់នៅចាប់ផ្តើមមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ ដែលទាមទារឱ្យមនុស្សម្នាក់ៗត្រូវការវិធីសាស្ត្រល្អសម្រាប់អនុវត្តដើម្បីទទួលបានជោគជ័យក្នុងការរស់នៅ។
លោក គឹម ចាន់ណា នាយកគ្រឹះស្ថានបោះពុម្ពផ្សាយ Mind Book បានលើកឡើងនៅក្នុងសិក្ខាសាលាស្តីពី «ផែនការជីវិតប្រកបដោយប្រសិទ្ធភាព» ថា គ្រប់កិច្ចការងារទាំងអស់ រួមទាំងការធ្វើអាជីវកម្មផង ទាមទារឱ្យមានភាពហ្មត់ចត់ ច្បាស់លាស់ និងត្រូវមានភាពលម្អិត។ លោកបានបញ្ជាក់ផងដែរថា ភាពលម្អិតនេះមានសារៈសំខាន់ណាស់ ព្រោះថា នៅពេលដែលយើងធ្វើអ្វីមួយដោយភាពច្បាស់លាស់ ហើយហ្មត់ចត់ត្រឹមត្រូវគ្រប់ចំណុច ឬធ្វើដោយភាពផ្ចិតផ្ចង់នោះ យើងនឹងទទួលបាននូវលទ្ធផលដែលស្ទើរតែគ្មានចន្លោះប្រហោង។
លោក គឹម ចាន់ណា បានមានប្រសាសន៍ថា៖ «ធ្វើអ្វីក៏ដោយ ទោះបីរកស៊ី ឬធ្វើការក៏ដោយ មិនចាំបាច់ធ្វើអ្វីខុសគេ ឬប្លែកពីគេទាំងស្រុងក៏យើងអាចជោគជ័យបានដែរ ឱ្យតែយើងមានចំណុចពិសេសរបស់យើង ប្រកបដោយភាពលម្អិតនៅក្នុងនោះ»។
អ្នកនិពន្ធ និងជានាយកគ្រឹះស្ថានបោះពុម្ពផ្សាយខាងលើ បានលើកឡើងផងដែរថា ទន្ទឹមនឹងភាពលម្អិតនៅក្នុងជីវិតនេះ ការធ្វើការងារគ្រប់យ៉ាងចាំបាច់ត្រូវមានភាពទទួលខុសត្រូវខ្ពស់ព្រោះថា ការរស់នៅរបស់មនុស្សម្នាក់ៗត្រូវការបំផុតនូវការទទួលខុសត្រូវចំពោះគ្រប់រឿង ជាពិសេសការទទួលខុសត្រូវចំពោះខ្លួនឯង។ នៅពេលដែលយើងមានការទទួលខុសត្រូវហើយ យើងក៏ត្រូវចេះកំណត់គោលដៅដើម្បីដើរឱ្យដល់ចំណុចដែលកាន់តែប្រសើរឡើង ដោយក្នុងនោះត្រូវស្វែងរកឱ្យឃើញនូវរឿងទាំងឡាយណាដែលយើងកំណត់ថា ត្រូវប្តូរផ្តាច់យកឱ្យបាន នៅពេលនោះយើងនឹងអាចក្លាយជាមនុស្សម្នាក់ដែលអាចធ្វើការងារបានដោយភាពត្រឹមត្រូវ ហ្មត់ចត់ និងប្រកបដោយថាមពល៕