(វៀតណាម) – នៅវេលាម៉ោង 19 និង 30 នាទីព្រលប់ថ្ងៃទី 13 មករានេះ ការប្រកួតជើងទីមួយនៃវគ្គផ្ដាច់ព្រ័ត្ររបស់ AFF Cup 2022 រវាងវៀតណាម និងថៃនឹងត្រូវបានធ្វើឡើង។ បរិយាកាសគាំទ្រចាប់ផ្ដើមឡើងកម្ដៅ ខណៈក្រុមអ្នកគាំទ្រចាប់ផ្ដើមបង្ហាញវត្តមាន។
យោងតាមសារព័ត៌មានវៀតណាម ក្រុមអ្នកគាំទ្រវៀតណាមបានបង្ហាញខ្លួននៅខាងមុខកីឡដ្ឋាន My Dinh តាំងពីវេលាថ្ងៃត្រង់ ដើម្បីថតរូប និងកំសាន្ត។
បុរសម្នាក់នៅក្បែរតំបន់កីឡដ្ឋានបានឱ្យដឹងថា ដោយសារតែផ្ទះនៅជិត គាត់បានទិញសំបុត្រមួយចំនួនក្នុងបំណងជួយដល់មិត្តភក្ដិដែលមិនមានពេលមកតម្រង់ជួរទិញសំបុត្រ។ គាត់បន្ថែមថា គាត់ក៏មានសំបុត្រមួយចំនួនសម្រាប់លក់ដល់អ្នកត្រូវការដើម្បីយកចំណេញបានខ្លះផងដែរ។
តាំងពីព្រឹកព្រលឹម សមត្ថកិច្ចបានចាប់ផ្ដើមដំឡើងរបងការពារពីរជាន់នៅខាងមុខតំបន់កីឡដ្ឋាន ហើយផ្លូវឆ្ពោះមកកាន់តំបន់កីឡដ្ឋាននេះក៏នឹងត្រូវបានអនុញ្ញាតសម្រាប់តែអ្នកថ្មើរជើងប៉ុណ្ណោះ ចាប់ពីរសៀលនេះ។
មន្ត្រីរបស់ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានឱ្យដឹងថា មកដល់រសៀលនេះ សំបុត្រចូលទស្សនានៅតែដាក់លក់នៅឡើយ។
នេះគឺជាលើកទីពីរហើយដែលវៀតណាម និងថៃ ប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្ររបស់ AFF Cup បន្ទាប់ពីបានជួបគ្នាដំបូងនៅឆ្នាំ 2008 ដែលពេលនោះ វៀតណាមបានឈ្នះថៃ 2-1 នៅជើងទីមួយ និងស្មើ 1-1 នៅជើងចុងក្រោយ នាំឱ្យវៀតណាមបានក្លាយជាឯកជើង AFF Cup 2008។
នៅលើកនេះ ការប្រកួតជើងទីពីរនៃវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅប្រទេសថៃ វេលាម៉ោង 19 និង 30 នាទីថ្ងៃទី 16 មករា 2023៕