(សហដ្ឋអាម៉េរិក) – ក្រុមហ៊ុន Airbus បានចែករំលែករូបថតស្ដីពីប្រព័ន្ធរ៉ុក្កែត-យានអវកាស Starship កម្ពស់120 ម៉ែត្រ របស់ SpaceX ដែលថតបានពីគន្លងគោចរកម្រិតទាបរបស់ផែនដី។
SpaceX បានដំឡើងរ៉ុក្កែត Starship ខ្នាតយក្សកាលពីដើមសប្ដាហ៍នេះ ដោយដាក់យានអវកាស Ship 24 នៅលើកំណាត់ដំបូងគេដែលមានឈ្មោះថា Booster 7 នៅក្នុងមូលដ្ឋាន Starbase ក្បែរទីក្រុង Brownsville ភាគខាងត្បូងរដ្ឋ Texas។ កម្ពស់សរុបរបស់ Ship 24 – Booster 7 គឺ 120 ម៉ែត្រ និងធំជាងរ៉ុក្កែតព្រះចន្ទ Saturn V និងប្រព័ន្ធបាញ់បង្ហោះ SLS ថ្មីរបស់ ណាសា ដែលប្រើក្នុងបេសកកម្ម Artemis 1 ទៅទៀត។ Starship ធំល្មមអាចមើលឃើញពីគន្លងគោចររបស់ផ្កាយរណបដែលមានកាមេរ៉ាមានគុណភាពបង្ហាញខ្ពស់។ រូបភាពដែលថតបានដោយផ្កាយរណប Pleiades Neo របស់ Airbus ត្រូវបានចែករំលែកកាលពីថ្ងៃទី 12 មករា។
បច្ចុប្បន្ន Airbus មានផ្កាយរណបថតរូបផែនដី Pleiades Neo ចំនួនពីរគ្រឿង ដែលអាចថតយករូបភាពរបស់វត្ថុតូចៗត្រឹម 30 សម ពីគន្លងគោចរកម្រិតទាបរបស់ផែនដី។ កាលពីខែធ្នូ 2022 Airbus បានបញ្ជូនផ្កាយរណបប្រភេទនេះចំនួន 2 គ្រឿងទៀតឡើងទៅកាន់អវកាស ប៉ុន្តែបានបាត់ដាន។
ក្រុមហ៊ុន SpaceX ក៏បានចែករំលែករូបថតស្ដីពី Starship កាលពីថ្ងៃទី 12 មករា។ ក្នុងរូបថតទាំងនោះបង្ហាញថា Starship ឈរខ្ពស់កប់ពពកទាបនៅ Starbase។ SpaceX កំពុងត្រៀម Ship 24 និង Booster 7 សម្រាប់ការសាកល្បងបាញ់បង្ហោះឡើងទៅកាន់គន្លងគោចរនៅចុងខែកុម្ភៈឆ្នាំនេះ ប៉ុន្តែយាន Ship 24 នឹងត្រូវដោះចេញមុនពេលបាញ់បង្ហោះសាកល្បងរ៉ុក្កែត។
នេះគឺជាការសាកល្បងបាញ់បង្ហោះឡើងទៅកាន់គន្លងគោចរជាលើកដំបូងរបស់ Starship ក្នុងរង្វង់ជិត 2 ឆ្នាំកន្លង។ មុននោះ ការបាញ់បង្ហោះសាកល្បងលើកចុងក្រោយត្រូវបានធ្វើឡើងកាលពីខែឧសភា 2021 ដែល Starship បានហោះឡើងដល់កម្ពស់ 10 គីឡូម៉ែត្រ ពីលើ Texas មុនពេលចុះចតដោយជោគជ័យ៕