ការប្រកួត 2 ជើងនៅថ្ងៃទី 13 មករា និង 16 មករា នៃវគ្គផ្ដាច់ព្រ័ត្ររបស់ AFF Cup 2022 ទំនងជានឹងល្អមើលខ្លាំង នៅពេលក្រុមជម្រើសជាតិថៃពូកែខាងវាយលុក ចំណែកវៀតណាមវិញ ក៏ខ្លាំងខាងការការពារ។
គេអាចប្រដូចក្រុមជម្រើសជាតិថៃទៅនឹងដាវ រីឯវៀតណាមវិញគឺប្រៀបបានទៅនឹងខែលការពារនៅ AFF Cup 2022 ព្រោះថា ថៃកំពុងនាំមុខគេនៅក្នុងស្ថិតិវិជ្ជមាននានាទាក់ទងនឹងការវាយលុក។ ផ្ទុយទៅវិញ វៀតណាមនៅតែរក្សាចំណុចពិសេសក្នុងសម័យគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Park Hang-seo នោះគឺសមត្ថភាពការពារ និងកាត់បន្ថយបានជាអតិបរមានូវចំនួនគ្រាប់បាល់ចាញ់។
យោងតាមស្ថិតិរបស់ទំព័រ AFF Cup 2022 ក្រុមថៃនាំមុខគេក្នុងបញ្ជីស្ដីពីការស៊ុតបញ្ចូលទី ដោយរកបាន 16 គ្រាប់។ ថៃក៏មានកីឡាករដែលកំពុងនាំមុខគេក្នុងបញ្ជីចំណាត់ថ្នាក់ស្ដេចកម្ទេចសំណាញ់ទី នោះគឺ Teerasil Dangda ដោយរកបាន 6 គ្រាប់ក្នុង 6 ប្រកួត ច្រើនជាង 1 គ្រាប់ធៀបនឹងកីឡាករវៀតណាម Nguyen Tien Linh។
ទន្ទឹមនឹងនេះ ប្រធានក្រុម Theerathon Bunmathan និងកីឡាករ Safawi Rasid របស់ថៃ ក៏នាំមុខគេ (4 លើក) ស្ដីពីការបង្កឱកាសស៊ុតបញ្ចូលទីបានសម្រេច។ កីឡាករ 3 រូបដែលបង្កើតឱកាសស៊ុតបញ្ចូលទីបានជោគជ័យច្រើនជាងគេបំផុតនៅ AFF Cup 2022 គឺបានទៅលើក្រុមថៃ រួមមានកីឡាករ Theerathon, Teerasil និង Ekanit Panya។ កីឡាករ 3 រូបដែលស៊ុតផ្ដាច់បានច្រើនជាងគេបង្អស់គិតត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏បានទៅលើក្រុមជម្រើសជាតិថៃ ក្នុងនោះដែរ Teerasil មានរហូតដល់ 21 លើក ច្រើនជាងទ្វេដងធៀបនឹង Bordin Phala និង Peeradol Chamrasamee។
ក្រៅពីនេះ ក្រុមថៃក៏មានការបញ្ជូនបាល់ 3,480 លើក, អត្រានៃការបញ្ចូលបាល់បានល្អ 87%, ស៊ុតផ្ដាច់បាន 128 លើក, ស៊ុតចំគោលដៅ 45 លើក, ទទួលបានបាល់ពិន័យជ្រុង 40 លើក និងបាល់ប៉េណាំទីចំនួន 3 គ្រាប់។ នេះគឺជាសន្ទស្សន៍ល្អបំផុតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិមួយនៅ AFF Cup 2022។
ចំណែកក្រុមជម្រើសជាតិវៀតណាមវិញ មកដល់បច្ចុប្បន្ន គឺជាក្រុមតែមួយគត់ក្នុងប្រវត្តិសាស្ត្រ AFF Cup ដែលឡើងដល់វគ្គផ្ដាច់ព្រ័ត្រដោយមិនមានក្រុមណាមួយអាចស៊ុតបញ្ចូលទីរបស់ពួកគេបាន។ អ្នកចាំទីរបស់វៀតណាម Dang Van Lam ក៏ជាកីឡាករដែលរក្សាទីបាន «ស្អាត» ជាងគេ ក្នុង 6 ប្រកួត (540 នាទីផ្លូវការ) របស់ពានរង្វាន់នេះ។
ការប្រកួតជើងទីមួយនៃវគ្គផ្ដាច់ព្រ័ត្ររបស់ AFF Cup 2022 រវាងវៀតណាម និងថៃ នៅឯកីឡដ្ឋាន My Dinh ក្នុងរដ្ឋធានីហាណូយ នឹងធ្វើឡើងនៅម៉ោង 19 និង 30 នាទី ថ្ងៃទី 13 មករា 2023៕