នៅពេលថ្មីៗនេះ ដោយបានឃើញពីស្ថានភាពគ្រួសារម្តាយសាន ស្រីឡៃ ដែលមិនអាចរកចំណូលបានសម្រាប់បង់រំលស់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពិភពថ្មី តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានចេញមុខអំពាវនាវដល់លោកឧកញ៉ា ហុង ពីវ ផ្ទាល់តែម្តងជំនួសមុខឱ្យក្រុមគ្រួសារអ្នកនាងសាន ស្រីឡៃ ក្នុងការសុំការយោគយល់ និងសុំក្ដីអាណិតមេត្តាពីសំណាក់លោកឧកញ៉ាដើម្បីឱ្យលោកយល់ព្រមទទួលទិញឡានរបស់ស្រីឡៃវិញក្នុងក្ដីអនុគ្រោះបើទោះបីជាក្នុងតម្លៃតិចតួចណាមួយក្ដី។
ការអំពាវនាវនេះតារាចម្រៀងស្រីពេជ្រសោភាបាននិយាយនៅក្នុងវីដេអូLive ផ្ទាល់បន្ទាប់ពីបានរៀបចំពិធីបុណ្យ 7 ថ្ងៃរបស់អតីតកូនក្រុមដែលទទួលមរណភាពនេះដោយបានលើកឡើងថា “សូមលោកឧកញ៉ាមេត្តាទទួលទិញយកឡានវិញផង ព្រោះថា សាន ស្រីឡៃគាត់បានស្លាប់ហើយ ហើយក្រុមគ្រួសាររបស់គាត់គ្មានលទ្ធភាពបង់ប្រាក់ទៅឲ្យក្រុមហ៊ុនឡើយ ដូច្នេះសូមលោកឧកញ៉ាមេត្តាយោគយល់ និងព្រមទទួលទិញយកឡានវិញផង ទោះក្នុងតម្លៃណាមួយក៏ដោយ”។
យ៉ាងណាមិញតារាស្រីរូបនេះក៏បានបញ្ជាក់ផងដែរថា ប្រភេទរថយន្ដរបស់អ្នកនាងសាន ស្រីឡៃ គឺ Luxes Rx300 ហើយអ្នកនាងក៏បានបន្ដបញ្ជាក់ទៀតថា “ឡានដែលស្រីឡៃជិះគឺនាងបង់រំលស់ទេ ហើយពេលនេះម្ដាយគាត់គ្មានលទ្ធភាពបង់បន្តទេ សូមមេត្តាជួយshare ឱ្យលោកឧកញ៉ាបានមើលឃើញផង និងសង្ឃឹមថា គាត់នឹងជួយដល់គ្រួសារសានស្រីឡៃ។ ដោយក្ដីគោរព”៕