រដ្ឋលេខាធិការប្រចាំការនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុន NIPPON KOEI សិក្សាពីលទ្ធភាពស្ថាបនាផ្លូវរថភ្លើងល្បឿនលឿននៅ ភ្នំពេញ ក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន NIPPON KOEI កាលពីដើមសប្ដាហ៍នេះ។
ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី 09 មករា 2023 បានអញ្ជើញទទួលជួបក្រុមការងាររបស់ក្រុមហ៊ុន NIPPON KOEI ដែលដឹកនាំដោយលោក Hirotoshi SUZIKI ដើម្បីស្វែងយល់អំពីបទបង្ហាញរបស់ក្រុមហ៊ុន NIPPON KOEI ទាក់ទងនឹងគម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងនៅតាមតំបន់ចំនួនបីនៃផ្លូវដែកភាគខាងជើងរបស់កម្ពុជា ដែលរួមមាន បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត។
ក្នុងឱកាសនោះដែរ ឯកឧត្តម តូច ចាន់កុសល បានស្នើឱ្យក្រុមហ៊ុន NIPPON KOEI ពិនិត្យលទ្ធភាពលើការសិក្សាគម្រោងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ។ ផ្លូវរថភ្លើងល្បឿនលឿនក្នុងក្រុង បច្ចុប្បន្នមានការពេញនិយមនៅបរតេស ដោយសារវាមានតម្លៃទាប ងាយស្រួលក្នុងការវិនិយោគ បើធៀបនឹងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT)។
យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន NIPPON KOEI ទទួលបានការគាំទ្រពីសមាគមសហប្រតិបត្តិការដឹកជញ្ជូនជប៉ុន (JTCA – Japan Transport Cooperative Association) ជាអង្គភាពសហប្រតិបត្តិការអន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន ដែលផ្តោតជាសំខាន់លើអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន៕