សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ចេញសេចក្ដីព្រមានកម្រិតខ្ពស់ ទៅកាន់កីឡាករ និងគ្រូបង្វឹករបស់ក្រុមជម្រើសជាតិថៃ និងវៀតណាម នៅវគ្គផ្ដាច់ព្រ័ត្រ AFF Cup 2022 (AFF Mitsubishi Electric Cup 2022)។
នៅសល់មួយថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិថៃ និងវៀតណាម នៅ AFF Cup 2022 នឹងត្រូវបានធ្វើឡើង។ ការប្រកួតជើងទីមួយរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី 13 មករា 2023 លើវាលស្មៅរបស់កីឡដ្ឋាន My Dinh នៅវៀតណាម ហើយ 3 ថ្ងៃក្រោយមក គឺនៅថ្ងៃទី 16 មករា ការប្រកួតជើងទីពីរនឹងធ្វើឡើងនៅឯកីឡដ្ឋាន Thammasat របស់ថៃ។
នេះគឺជាលើកដំបូងក្រោយរយៈពេល 14 ឆ្នាំ ដែលអ្នកគាំទ្រនឹងបានទស្សនាការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងថៃ និងវៀតណាម នៅ AFF Cup។ ឆ្នាំ 2008 ក្រុមជម្រើសជាតិវៀតណាម បានផ្ដួលថៃដោយលទ្ធផល 3-2 ដែលជួយឱ្យវៀតណាមដណ្ដើមបានជើងឯកជាលើកដំបូងនៅ AFF Cup។
មុនថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅ AFF Cup 2022 ក្រុមវៀតណាម និងថៃ សុទ្ធតែកំពុងរៀបចំយុទ្ធសាស្ត្រយ៉ាងម៉ត់ចត់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេគឺថា ក្រុមទាំងពីរនឹងត្រូវប្រកួតយ៉ាងប្រុងប្រយ័ត្ន ក្រោយពីមានការព្រមានថ្មីបំផុតពីសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF)។
ថ្មីៗនេះ AFF បានប្រកាសព័ត៌មានស្ដីពីការពិន័យនានាសម្រាប់ក្រុមដែលនឹងចូលប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅ AFF Cup 2022។ ជាក់ស្ដែង ក្រុមថៃ និងវៀតណាម កំពុងមានកីឡាករ និងគ្រូបង្វឹកសរុប 10 នាក់ ប្រឈមនឹងហានិភ័យអវត្តមាននៅក្នុងការប្រកួតដណ្ដើមតំណែងជើងឯកនៅថ្ងៃទី 16 មករា។
ក្នុងចំណោម 10 នាក់ខាងលើ ក្រុមថៃ មានកីឡាករ 5 នាក់ និងគ្រូបង្វឹក Mano Polking ផងដែរ ដែលបានទទួលកាត់លឿងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈដែលវៀតណាម មានកីឡាករ 4 នាក់បានទទួលកាត់លឿង។
ដោយសារតែ AFF Cup 2022 បន្តអនុវត្តលក្ខន្តិកៈ «បូកសរុបកាតពិន័យចាប់ពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ» កីឡាករ និងគ្រូបង្វឹកទាំង 10 រូបខាងលើ នឹងត្រូវបានបញ្ឈរជើង ឬហាមដឹកនាំក្រុមនៅវគ្គផ្ដាច់ព្រ័ត្រជើងទីពីរដែលនឹងប្រកួតនៅថ្ងៃទី 16 មករាខាងមុខ បើសិនទទួលបានកាតលឿង 1 ទៀតក្នុងការប្រកួតជើងទីមួយនៅកីឡដ្ឋាន My Dinh របស់វៀតណាម នៅថ្ងៃទី 13 មករា។
នេះគឺជាប្រការសំខាន់បំផុតរបស់ក្រុមជម្រើសជាតិថៃ និងវៀតណាម នៅវគ្គផ្ដាច់ព្រ័ត្រ។ អវត្តមានកីឡាករ ឬគ្រូបង្វឹកណាម្នាក់ ក៏នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមរបស់ពួកគេ ដូច្នេះ កីឡាកររបស់ក្រុមទាំងពីរ និងគ្រូបង្វឹក Polking សុទ្ធតែត្រូវប្រុងប្រយ័ត្នជាទីបំផុត។
ជើងទីមួយនៃវគ្គផ្ដាច់ព្រ័ត្ររបស់ AFF Cup 2022 នឹងត្រូវប្រកួតនៅវេលាម៉ោង 19 និង 30 នាទី ថ្ងៃទី 13 មករា 2023៕