(ហាណូយ)- កីឡាករលេខមួយ Teerasil Dangda ដែលបានរងរបួសកាលពីប៉ុន្មានថ្ងៃមុន ពេលនេះរួមដំណើរជាមួយក្រុមជម្រើសជាតិថៃ បានទៅដល់ហាណូយ ប្រទេសវៀតណាម ដើម្បីទាត់វគ្គផ្ដាច់ព្រ័ត្រជើងទីមួយរបស់ AFF Cup 2022 ដែលត្រូវប៉ះនឹងក្រុមជម្រើសជាតិវៀតណាម។
Teerasil Dangda ដើរធម្មតានៅពេលរួមដំណើរជាមួយក្រុមជម្រើសជាតិថៃ ចុះចតនៅអាកាសយានដ្ឋាន Noi Bai កាលពីល្ងាចថ្ងៃទី 11 មករា។ កីឡាករលេខមួយរបស់ថៃរូបនេះ បានរងរបួសក្នុងការប្រកួតឈ្នះម៉ាឡេស៊ី 3-0 កាលពីព្រលប់ថ្ងៃទី 10 មករា។ Teerasil Dangda ត្រូវបាននាំទៅមន្ទីរពេទ្យ ប៉ុន្តែភាគីថៃមិនបានបង្ហើបឱ្យដឹងអំពីព័ត៌មានលម្អិតស្ដីពីរបួសនោះទេ។
Teerasil Dangda កើតឆ្នាំ 1988 កំពុងនាំមុខគេក្នុងបញ្ជីចំណាក់ថ្នាក់ស្ដេចកម្ទេចសំណាញ់នៅ AFF Cup 2022 ដោយរកបាន 6 គ្រាប់ ច្រើនជាង 1 គ្រាប់ ធៀបនឹង Nguyen Tien Linh របស់វៀតណាម។ Teerasil Dangda គឺជាកីឡាករតែម្នាក់គត់នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFF Cup 2008 រវាងថៃ និងវៀតណាម ដែលនៅមានវត្តមានក្នុងវគ្គផ្ដាច់ព្រ័ត្រលើកនេះ។ កាលណោះ Teerasil Dangda រកបាន 1 គ្រាប់ ប៉ុន្តែ ថៃបានចាញ់ 2-3 ក្រោយការប្រកួតពីរជើង។
ក្រុមជម្រើសជាតិថៃ ជិះយន្តហោះពីរគ្រឿងទៅកាន់ហាណូយ ដោយសារមិនមានកៅអីគ្រប់គ្រាន់។ ប៉ុន្តែ ព្រោះតែយន្តហោះមួយគ្រឿងត្រូវចេញដំណើរយឺត ដូច្នេះពួកគេហាក់មានវត្តមានស្របគ្នានៅអាកាសយានដ្ឋាន Noi Bai នៅវេលាម៉ោងប្រហែលពី 18 និង 25 នាទី ទៅ 18 និង 30 នាទី។
គ្រូបង្វឹកជនជាតិប្រេស៊ីល Mano Polking របស់ក្រុមជម្រើសជាតិថៃ ក៏បង្កការចាប់អារម្មណ៍ពេលទៅដល់ Noi Bai។ គ្រូបង្វឹករូបនេះធ្លាប់ធ្វើការនៅវៀតណាម ដោយបានដឹកនាំក្លឹបទីក្រុង HCM ពីឆ្នាំ 2020 ដល់ 2021។
ម៉ោងប្រហែល 20 ក្រុមកីឡាករថៃ បានចេញពីតំបន់ទទួលអីវ៉ាន់ ទៅកាន់រថយន្ត។ គ្រូបង្វឹក Mano Polking គឺជាអ្នកដែលបានចាកចេញពីអាកាសយានដ្ឋានក្រោយគេ។
ក្រុមថៃ ចំណាយពេល 40 នាទីក្នុងការធ្វើដំណើរទៅកាន់សណ្ឋាគារ Hyatt ដែលមានចម្ងាយពីកីឡដ្ឋាន My Dinh ប្រហែល 5 នាទី បើជិតរថយន្តក្រុង។ ទីនេះក៏ជាកន្លែងស្នាក់នៅរបស់ក្រុមឥណ្ឌូណេស៊ី ពេលធ្វើជាភ្ញៀវនៅវៀតណាម៕