(ម៉ាឡេស៊ី) – ក្រោយការប្រកួតជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលបានចាញ់ថៃកាលពីព្រលប់ថ្ងៃទី 10 មករា ក្រុមអ្នកគាំទ្ររបស់ម៉ាឡេស៊ី នាំគ្នាច្រៀង និងជូនពរដល់ក្រុមរបស់ថៃ ឱ្យដណ្ដើមបានពានរង្វាន់ជើងឯក AFF Cup នៅឆ្នាំនេះ។
ទស្សនិកជនប្រហែល 300 នាក់ បានទៅកាន់កីឡដ្ឋាន Thammasat នៅបាងកក ដើម្បីលើកទឹកចិត្តដល់ក្រុមជម្រើសជាតិម៉ាឡេស៊ី។ ក្នុងការប្រកួតនេះ ក្រុមដែលពួកគេគាំទ្រនឹងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ឱ្យតែមិនចាញ់ ដោយសារតែបានឈ្នះ 1-0 នៅជើងទីមួយដែលបានទាត់លើទីលាន Bukit Jalil របស់ ម៉ាឡេស៊ី។
ក៏ប៉ុន្តែ ថ្វីជើងរបស់កីឡាករ Teerasil Dangda, Bordin Phala និង Adisak Kraisorn បានជួយឱ្យក្រុមរបស់ថៃ ឈ្នះម៉ាឡេស៊ី 3-0 ហើយក៏បានឡើងទៅប៉ះវៀតណាមនៅវគ្គផ្ដាច់ព្រ័ត្រ។
បន្ទាប់ពីការប្រកួតរវាងថៃ និងម៉ាឡេស៊ីបានបញ្ចប់ ក្រុមកីឡាករថៃក៏ដើរខាងមុខតាមបណ្ដោយកន្លែងទស្សនិកជនដើម្បីអរគុណដល់អ្នកគាំទ្រ។ ពេលពួកគេឈប់ត្រង់ខាងមុខកន្លែងទស្សនិករបស់ក្រុមភ្ញៀវ ក្រុមអ្នកគាំទ្រម៉ាឡេស៊ីក៏នាំគ្នាច្រៀង «សួស្ដីក្រុមថៃ»។
បន្ទាប់មក មនុស្សមួយចំនួនក៏បានស្រែកឡើង៖ «យកឈ្នះលើវៀតណាមឱ្យបានណា៎» និង «ជូនពរសំណាងល្អនៅវគ្គផ្ដាច់ព្រ័ត្រ»។ ភ្លាមនោះ ក្រុមកីឡាករថៃក៏បានទះដៃឆ្លើយតបការជូនពរពីអ្នកគាំទ្ររបស់ម៉ាឡេស៊ី។
ថ្វីជើងរបស់កីឡាករ Teerasil Dangda, Bordin Phala និង Adisak Kraisorn បានជួយឱ្យក្រុមរបស់ថៃ ឈ្នះម៉ាឡេស៊ី 3-0 ហើយក៏បានឡើងទៅប៉ះវៀតណាមនៅវគ្គផ្ដាច់ព្រ័ត្រ
ឥរិយាបថរបស់អ្នកគាំទ្រម៉ាឡេស៊ី គឺជារឿងកម្រកើតមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានទម្លាប់ប្រឈមមុខដាក់គ្នារវាងក្រុមបាល់ទាត់នានា។ សារព័ត៌មានថៃបានលើកសរសើរចំពោះក្រុមអ្នកគាំទ្ររបស់ម៉ាឡេស៊ី ដែលបានបង្ហាញនូវស្មារតីកីឡាដ៏ថ្លៃថ្នូរ។
ម៉ាឡេស៊ី ធ្លាប់ប៉ះវៀតណាម នៅវគ្គសន្សំពិន្ទុរបស់ AFF Cup 2022 ឆ្នាំនេះ ដែលពេលនោះម៉ាឡេស៊ីបានចាញ់ 0-3 នៅលើកីឡដ្ឋាន My Dinh ក្នុងការប្រកួតដែលមានការប្រកែកគ្នាច្រើន។
ក្រុមជម្រើសជាតិថៃ នឹងត្រូវប្រកួតជាមួយក្រុមរបស់វៀតណាមនៅវគ្គផ្ដាច់ព្រ័ត្រដែលក្នុងនោះ ការប្រកួតជើងទីមួយនឹងធ្វើឡើងក្នុងថ្ងៃទី 13 មករាលើវាលស្មៅ My Dinh របស់ រដ្ឋធានីហាណូយ ហើយ 3 ថ្ងៃក្រោយមក នឹងត្រូវប៉ះគ្នាម្ដងទៀត និងជាលើកចុងក្រោយនៅ AFF Cup 2022 លើទីលានបាល់ទាត់ Thammasat ក្នុងរាជធានីបាងកក៕