(សិង្ហបុរី) – បុរសម្នាក់ចូលទៅកាន់ផ្សារអនឡាញ Shopee ទិញទូរស័ព្ទ iPhone 14 Pro Max តម្លៃ 1,961 ដុល្លារសិង្ហបុរី ប៉ុន្តែទំនិញដែលគាត់ទទួលបានគឺឈើមួយដុំ។
សារព័ត៌មាន Shin Min Daily News ដកស្រង់សម្ដីរបស់បុគ្គលិកសុខាភិបាលម្នាក់ឈ្មោះ Yu អាយុ 37 ឆ្នាំ ឱ្យដឹងអំពីបទពិសោធន៍អាក្រក់នៅពេលទិញទំនិញលើ Shopee។ លោក Yu និយាយថា គាត់តែងតែទិញទូរស័ព្ទពីហាងចែកចាយផ្លូវការរបស់ Apple។ ប៉ុន្តែលើកនេះ គាត់ទិញ iPhone ពីផ្សារអនឡាញ ដោយសារតែគេនឹងទទួលបានប័ណ្ណបញ្ចុះតម្លៃ 8 ដុល្លារសិង្ហបុរី និងសន្យាថាសងប្រាក់វិញនៅលើ Shopee បើមានបញ្ហា។
«ខ្ញុំបានពិនិត្យមើលមតិស្ដីពីហាងអនឡាញនេះ។ កំណែដែលខ្ញុំចង់ទិញក៏ជិតអស់ពីឃ្លាំងនៅកន្លែងជាច្រើន ទើបខ្ញុំសម្រេចចិត្តបញ្ជាទិញ iPhone 14 Pro Max កំណែ 256 GB នៅលើ Shopee» លោក Yu ឱ្យដឹងដូច្នេះ។
បើទិញនៅ Apple Store ទូរស័ព្ទខាងលើនេះមានតម្លៃ 1,987 ដុល្លារសិង្ហបុរី ប៉ុន្តែបើទិញអនឡាញ អាចចំណេញបាន 26 ដុល្លារសិង្ហបុរី។ លោក Yu ក៏ជឿជាក់លើ Shopee ដូច្នេះ គាត់ក៏សម្រេចចិត្តទិញ។
មកដល់ថ្ងៃទី 31 ធ្នូ 2022 ទំនិញត្រូវបានដឹកមកប្រគល់ដល់អាសយដ្ឋានរបស់លោក Yu។ អ្នកប្រគល់ទំនិញបានដាក់កញ្ចប់ទំនិញមួយនៅខាងក្រៅទ្វារ ថតរូបមួយសន្លឹក រួចក៏ប្រញាប់ចាកចេញ។ នៅពេលបើកប្រអប់ទំនិញ លោក Yu ឃើញថា ខាងក្នុងមានតែឈើមួយដុំនៅកណ្ដាលថង់ប្លាស្ទិកដែលមានខ្យល់ពេញ។ ពុំមានទូរស័ព្ទ iPhone ណាមួយត្រូវបានប្រគល់ឱ្យអតិថិជនម្នាក់នេះឡើយ។
លោក Yu បានទាក់ទងទៅកាន់អ្នកលក់ ស្នើឱ្យសងប្រាក់មកវិញ ប៉ុន្តែត្រូវបានបដិសេធ។ បន្ទាប់មក លោក Yu ក៏បានទាក់ទងទៅកាន់ផ្នែកបម្រើអតិថិជនរបស់ Shopee ប៉ុន្តែ ក៏មិនត្រូវបានជួយដោះស្រាយ ព្រោះគេថា ទំនិញត្រូវបានផ្ញើទៅកាន់អាសយដ្ឋានទៅតាមសំណើរួចហើយ។
លោក Yu ក៏បន្តប្ដឹងទៅកាន់សមត្ថកិច្ច។ ក្រោយពីពិនិត្យឡើងវិញ គាត់រកឃើញថា នៅបាតប្រអប់មានស្នាមស្កុត។ គាត់សង្ស័យថា ទំនិញត្រូវបានប្ដូរនៅពេលដឹកជញ្ជូន។
អតិថិជនវ័យ 35 រូបនេះយល់ថា អ្នកទិញមិនគួរត្រូវរងការខាតបង់ដូច្នេះសោះ។ គាត់ក៏ស្បថថា នឹងមិនទិញទំនិញនៅលើផ្សារអនឡាញទៀតឡើយ។
នេះមិនមែនជាលើកដំបូងទេ ដែលអ្នកទិញ iPhone តាមអនឡាញ បែរជាទទួលបានរបស់ចម្លែក គ្មានតម្លៃ។ យោងតាម មុននោះ អតិថិជនម្នាក់នៅ អង់គ្លេស បានទិញ iPhone 13 Pro Max តម្លៃ 1,500 ផោន ប៉ុន្តែទទួលបានទឹកលាងដៃពីរដប៕