មរណភាពមួយទៀតដ៏ភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម Facebook នៅថ្ងៃទី 23 ខែតុលា ឆ្នាំ2017 នេះ ប្រភពដែលសារព័ត៌មានឡារ៉ែន ទទួលបាន គឺបានឱ្យដឹងថា អតីតតារាសម្ដែងសិចស៊ី មានសាច់សខ្ចីដូចបណ្ដូលចេក មានឈ្មោះថា កែវ សូរិយា និងមានឈ្មោះពិត វ៉ា នួនសុភា មានវ័យ 29 ឆ្នាំបានធ្វើអត្តឃាតដោយចងកនឹងក្រម៉ាព័ណ៌ក្រហម លាយលឿង នៅក្នុងបន្ទប់ផ្ទះជួល នៅក្នុងបុរីមួយកន្លែង នៅម្ដុំសង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធាភ្នំពេញ នាល្ងាចថ្ងៃទី 22 ខែ តុលា ឆ្នាំ2017 ថ្មីៗនេះ។
ប្រភពដដែរបានឱ្យដឹងផងដែរថា តារាស្រីរូបនេះ បានចងកសម្លាប់ខ្លួន នៅវេលាម៉ោង 16 :00 នាទី ថ្ងៃទី 22 លុះដល់វេលាម៉ោង៤ ទៀបភ្លឺ ថ្ងៃទី23 ខែតុលា ទើបមានអ្នកបម្រើបានប្រទះឃើញ អ្នកនាងចងកនៅនឹងចម្រឹងបង្អួចនៅក្នុងបន្ទប់គេង បន្ទាប់មកក៏បានបញ្ជូនដំណឹងនេះ ទៅប្រាប់សន្ដិសុខ និងរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្ដង។ មិនតែប៉ុណ្ណោះ ប្រភពដដែរនេះ ក៏បានបញ្ជាក់ទៀតថា អ្នកនាង កែវ សូរិយា បានប៉ុនប៉ងធ្វើអត្តឃាតដោយលេបថ្នាំម្ដងរួចមកហើយ ក៏ប៉ុន្ដែសំណាងល្អមិនស្លាប់ ព្រោះមានត្រូវបានបងប្អូនអ្នកនាង ជួយសង្គ្រោះបញ្ជួនទៅមន្ទីរពេទ្យជោរ៉ៃ ។
គួរបញ្ជាក់ផងដែរថា តារាស្រីខាងលើនេះ ក្រៅពីជាអតីតតារាសម្ដែងហើយ អ្នកនាងមានមុខរបរជាអ្នកលក់ឡេលាយ ហើយអ្នកនាងមានវិបត្តិផ្លូវចិត្ត បន្ទាប់ពីលែងលះជាមួយស្វាមីដែលមានមុខងារជាមន្រ្តីយោធា ព្រមទាំងមានកូនស្រីចំនួន 2 នាក់ដែលបានទៅរស់នៅខាងស្វាមីអ្នកនាង។ សពអ្នកនាងបច្ចុប្បន្ននេះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕