អ្នកដែលនិយមដើរកម្សាន្ដតាមតំបន់ធម្មជាតិ ឬតំបន់អេកូទេសចរណ៍មិនប្រាកដថា ពួកគាត់នឹងយល់ដឹងអំពីតំបន់ធម្មជាតិទាំងអស់ដែរ ថ្ងៃនេះឡារ៉ែនសូមណែនាំមិត្ដអ្នកអាន និងភ្ញៀវទេសចរទាំងអស់ឱ្យបានស្គាល់និយមន័យនៃ«តំបន់ប្រើប្រាស់ច្រើន» ដែលជាតំបន់មួយក្នុងចំណោមតំបន់ការពារធម្មជាតិទាំង 8។
«តំបន់ប្រើប្រាស់ច្រើន» សំដៅដល់តំបន់ក្នុងដែនដីគោក និងដែនទឹក ដែលក្នុងនោះមានសម្បូរដោយប្រព័ន្ធធម្មជាតិ ដែលពុំទាន់រងការបំផ្លិចបំផ្លាញ និងតម្រូវឱ្យមានសកម្មភាពគ្រប់គ្រង ដើម្បីធានាការការពារ ការថែទាំធនធានជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី សម្រាប់រយៈពេលយូរអង្វែងដែលអាចផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់តាមតម្រូវការរបស់សហគមន៍។
តំបន់ប្រើប្រាស់ច្រើន ចំនួន3តំបន់ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ1993 និងទីតាំងចំនួន2តំបន់ទៀតត្រូវបានបង្កើតឡើងដោយអនុក្រឹត្យក្នុងឆ្នាំ2016។ តំបន់ប្រើប្រាស់ច្រើនទាំង5តំបន់ គ្របដណ្តប់នៅលើផ្ទៃដីសរុបចំនួន409,669ហិកតា ដែលស្មើនឹង2,3% នៃផ្ទៃដីប្រទេសស្ថិតនៅក្នុងខេត្តសៀមរាប កោះកុង បាត់ដំបង កំពង់ធំ កំពង់ឆ្នាំង ប៉ៃលិន ពោធិ៍សាត់ ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។
តំបន់ប្រើប្រាស់ច្រើន ទាំង 5 នោះមាន៖
- ដងពែង ស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃក្រឡា 27,700ហិកតា ចេញដោយព្រះរាជក្រឹត្យថ្ងៃទី1 វិច្ឆិកា ឆ្នាំ1993។
- សំឡូត ស្ថិតនៅក្នុងខេត្តប៉ៃលិន និងបាត់ដំបងដែលមានផ្ទៃក្រឡា 60,000 ចេញដោយរាជក្រឹត្យថ្ងៃទី1 វិច្ឆិកា ឆ្នាំ1993។
- ទន្លេសាប ស្ថិតក្នុងទីតាំងខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងសៀមរាប ដែលមានផ្ទៃក្រឡា 316,250 ចេញដោយព្រះរាជក្រឹត្យ ថ្ងៃទី1 វិច្ឆិកា ឆ្នាំ1993។
- ពញាក្រែក ស្ថិតនៅទីតាំង ខេត្តត្បូងឃ្មុំ ដែលមានផ្ទៃក្រឡា199ហិកតា ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី9 ឧសភា ឆ្នាំ2016។
- ព្រែកទឹកសាបក្បាលឆាយ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃក្រឡា5,520ហិកតា ចេញដោយអនុក្រឹត្យ ចុះថ្ងៃទី5 មិថុនា ឆ្នាំ2016។
តំបន់ការពារធម្មជាតិត្រូវបានចែកចេញជា8តំបន់មាន៖ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើន តំបន់រាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ តំបន់ឧទ្យានជាតិសមុទ្រ៕