ចាញ់ 0-1 នៅលើវាលស្មៅរបស់គូប្រកួត ម្ចាស់ជើងឯកថៃ ត្រូវការកំពូលថ្វីជើងបញ្ចេញកំពូលសមត្ថភាពនៅក្នុងការប្រកួតជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ AFF Cup 2022 ដែលនឹងប៉ះជាមួយ ម៉ាឡេស៊ី នៅព្រលប់នេះ។
ម៉ាឡេស៊ី បានបង្ហាញថា ខ្លួនគឺជាជើងខ្លាំងនៅពេលបានក្លាយជាក្រុមដំបូងគេដែលបានផ្ដួលថៃនៅ AFF Cup 2022។ គ្រាប់បាល់ឈ្នះតែមួយគ្រាប់គត់របស់ Faisal Halim ជាខ្សែប្រយុទ្ធដែលរកបាន 4 គ្រាប់នៅក្នុងរដូវកាលនេះ បានជួយឱ្យ «ខ្លាមាស» ម៉ាឡេស៊ី មានប្រៀបនៅក្នុងការប្រកួតជើងទីពីរ។ បើសិនជាក្រុមអាជ្ញាកណ្ដាលទទួលស្គាល់គ្រាប់បាល់របស់ Quentin Cheng ទៀតនោះ ម៉ាឡេស៊ី នឹងប្រកួតជាមួយថៃ ដោយមាន 2 គ្រាប់ធ្វើជាដើមទុនបន្ថែម។
មុនពេលចូលប្រកួតនៅ AFF Cup 2022 ម៉ាឡេស៊ី មិនទទួលបានការវាយតម្លៃខ្ពស់ ដោយសារពួកគេទើបតែបានតែងតាំងគ្រូបង្វឹក Kim Pan-gon កាលពីខែមករា។ លោក Pan-gon មិនមានកីឡាករឆ្នើមៗក្នុងដៃនោះទេ។
ក៏ប៉ុន្តែ ពេលនេះ ម៉ាឡេស៊ី មានឱកាសផ្ដួលម្ចាស់ជើងឯកដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតជាមួយថៃ នៅកីឡដ្ឋាន Thammasat នឹងជាឱកាសល្អសម្រាប់ ម៉ាឡេស៊ី ក្នុងការ «បិទមាត់» អ្នកគាំទ្ររបស់ថៃម្ដងទៀត បើសិនពួកគេលេងបានល្អដូចការប្រកួតជើងទីមួយ។
ចំណែកភាគីខាងថៃវិញ ក៏មិនមានកីឡាករល្អបំផុតនៅ AFF Cup 2022 ដោយសារកត្តាជាច្រើន បណ្ដាលឱ្យគោលដៅការពារតំណែងជើងឯក ប្រែជាលំបាកជាងមុនសម្រាប់កូនសិស្ស និងគ្រូបង្វឹក Mano Polking។ ដើម្បីដោះស្រាយបញ្ហានេះ គ្រូបង្វឹកជនជាតិប្រេស៊ីល នឹងប្រើប្រាស់កីឡាករឆ្នើម Theerathon Bunmathan និង Teerasil Dangda របស់ខ្លួនឱ្យអស់ពីលទ្ធភាព។
ក្រុមជម្រើសជាតិថៃ ក៏មានប្រៀបលើ ម៉ាឡេស៊ី ខ្លះដែរ ដោយសារធ្វើជាម្ចាស់ផ្ទះនៅព្រលប់នេះ។ «យើងក៏នឹងមិនការពារ ឬផ្លាស់ប្ដូរយុទ្ធសាស្ត្រ ប៉ុន្តែ ទាត់ដោយម្ចាស់ការជានិច្ច» គ្រូបង្វឹករបស់ថៃ និយាយដូច្នេះ និងបន្ថែមថា ថៃត្រូវតែរក្សាទីឱ្យបានស្អាត ហើយការគ្រប់គ្រងអារម្មណ៍របស់ទស្សនិកជនក៏ជាកត្តាសំខាន់សម្រាប់កីឡាករថៃ។
ដោយឡែក គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង របស់ ក្រុមម៉ាឡេស៊ី លោក Kim Pan-gon ក៏បានកំណត់គោលដៅយកឈ្នះលើថៃឱ្យបាន ដោយមិនគិតដល់លទ្ធផលស្មើគ្នា។ បើសិន ម៉ាឡេស៊ី ធ្វើបានដូច្នេះ នោះនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ លោក Kim Pan-gon នឹងត្រូវប៉ះជាមួយគ្រូបង្វឹករបស់ វៀតណាម Park Hang-seo ដែលមកពី កូរ៉េខាងត្បូង ដូចគ្នា៕