នៅព្រឹកថ្ងៃទី 10 មករានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា «TSI OPEN DAY» ដែលជាព្រឹត្តិការណ៍បញ្ជ្រាបព័ត៌មានជាច្រើន ទាក់ទងនឹងអាហារូបករណ៍សម្រាប់និស្សិតជាដើម នឹងត្រូវបើកទទួលសាធារណជននៅថ្ងៃចុងសប្ដាហ៍នេះ។
យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូន សាធារណជន មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត ដែលមានបំណងស្វែងរកគ្រឹះស្ថានឧត្តមសិក្សាសម្រាប់បន្តការសិក្សា អាចអញ្ជើញចូលរួមដោយសេរីក្នុងព្រឹត្តិការណ៍ «TSI OPEN DAY» របស់ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។
សាធារណជនដែលបានចូលរួមព្រឹត្តិការណ៍នេះ នឹងទទួលបាននូវការតម្រង់ទិសជំនាញ ការចែករំលែកបទពិសោធន៍ពីនិស្សិត ទស្សនកិច្ចអគារសិក្សា បរិក្ខាបច្ចេកទេស ព័ត៌មានអាហារូបករណ៍ ការដាក់ពាក្យប្រឡងជ្រើសរើសនិស្សិតជំនាន់ទី 3 និងការសិក្សាស្វែងយល់ពីឱកាសការងារទៅតាមជំនាញនីមួយៗ នៃវិស័យសាធារណការ និងដឹកជញ្ជូន។
ព្រឹត្តិការណ៍ «TSI OPEN DAY» នឹងប្រព្រឹត្តទៅនៅថ្ងៃទី 14 ខែមករា ឆ្នាំ 2023 នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។