(សហរដ្ឋអាម៉េរិក)- រ៉ូបូតបំបាក់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ដែលអភិវឌ្ឍដោយក្រុមហ៊ុន DoNotPay នឹងជួយការពារកូនក្ដីរបស់ខ្លួន ប្រឆាំងនឹងការផាកពិន័យចរាចរណ៍នៅតុលាការក្នុងខែកុម្ភៈ 2023។
មេធាវីរ៉ូបូត AI មួយ ជិតបង្កើតបានប្រវត្តិសាស្ត្រនៅពេលក្លាយជារ៉ូបូតដំបូងគេដែលការពារកូនក្ដីជាមនុស្សនៅក្នុងសវនាការ នេះបើតាម IFL Science ចុះផ្សាយកាលពីថ្ងៃទី 09 មករា។ មេធាវីរ៉ូបូតនេះនឹងជួយរម្លឹកជនជាប់ចោទ លើកឡើងនូវអំណះអំណាងល្អបំផុត ដើម្បីប្រឆាំងនឹងការផាកពិន័យលើករណីបើកបររថយន្តហួសល្បឿនកំណត់ នៅក្នុងសវនាការមួយដែលនឹងត្រូវបានធ្វើឡើងនៅខែខាងមុខ។
មេធាវីរ៉ូបូតបំពាក់បញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន DoNotPay នេះ ត្រូវបានអភិវឌ្ឍក្នុងទម្រង់ Chatbot ជាកម្មវិធីកុំព្យូទ័រដែលអាចជជែកតទល់នឹងគ្នាបាន។ វាត្រូវបានដំឡើងនៅលើទូរស័ព្ទដៃ ហើយលើកឡើងនូវការក្រើនរម្លឹកល្អៗសម្រាប់ជនជាប់ចោទ តាមរយៈកាស។ កូនក្ដី (ជនជាប់ចោទ) បានយល់ព្រមនិយាយតែអ្វីដែល AI បានស្នើ។
ករណីការពារក្ដីខាងលើនេះដើរតួនាទីដូចទៅនឹងការពិសោធមួយសម្រាប់សេវាកម្មរបស់ DoNotPay ហើយក្រុមហ៊ុននេះនឹងចេញថ្លៃពិន័យទាំងអស់ បើសិនមេធាវី AI របស់ពួកគេនេះ មិនអាចជួយឱ្យជនជាប់ចោទឈ្នះក្ដី។
សូមបញ្ជាក់ថា ដើមឡើយ DoNotPay ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2015 គឺជាក្រុមហ៊ុនដែលផ្ដោតលើបច្ចេកវិទ្យា Chatbot ជួយឱ្យអតិថិជនរួចផុតពីបញ្ហាត្រូវបង់ប្រាក់ពិន័យ និងការចំណាយលើការទូទាត់យឺតពេលជាដើម។ល។ ប៉ុន្តែក្រុមហ៊ុននេះបានចាប់ផ្ដើមផ្ដោតលើ AI ជាងមុន ចាប់ពីឆ្នាំ 2020៕