នៅឯទីក្រុង Aomori នៅភាគឦសានប្រទេសជប៉ុន អាជ្ញាធរកំពុងរៀបផែនការផលិតអគ្គិសនីពីព្រឹលដែលសល់ ដើម្បីធានាលើប្រភពផ្គត់ផ្គង់ថាមពលកកើតឡើងវិញ និងជួយកាត់បន្ថយបញ្ហាដាច់ភ្លើង។
គម្រោងដែលជាកិច្ចសហការរវាងក្រុមហ៊ុនបច្ចេកវិទ្យា Forte Co និងសាកលវិទ្យាល័យទូរគមនាគមន៍តូក្យូត (UEC) រួមមាន ការប្រើប្រាស់ភាពខុសគ្នានៃសីតុណ្ហភាពរវាងព្រឹលដែលគេរក្សាទុក និងបរិយាកាសជុំវិញ ដើម្បីផ្ដល់ថាមពលឱ្យទួរប៊ីន។ ថាមពលនេះត្រូវបានបង្កើតឡើងនៅពេលសីតុណ្ហភាពក្នុងបរិយាកាសធ្វើឱ្យហួតធាតុរាវដែលត្រជាក់ដោយសារព្រឹល។
ការផលិតអគ្គិសនីពីព្រឹលដែលគេរក្សាទុកនឹងផ្គត់ផ្គង់ប្រភពថាមពលដែលមានប្រយោជន៍ផ្នែកបរិស្ថាន សុវត្ថិភាព ហើយការចំណាយក៏ទាប នេះបើតាម Tech Times ចុះផ្សាយកាលពីថ្ងៃទី 08 មករា 2023។
ទីក្រុង Aomori របស់ ជប៉ុន មានព្រឹលធ្លាក់ច្រើនជារៀងរាល់ឆ្នាំ។ ការចំណាយលើការសម្អាតព្រឹលក្នុងឆ្នាំ 2021 បានឡើងដល់ 55 លានដុល្លារអាម៉េរិក។ ជំនួសឱ្យការយកព្រឹលដែលសល់នេះទៅចាក់ចោល អាជ្ញាធរក្រុង និងដៃគូសហការ បានសម្រេចចិត្តរៀបចំគម្រោងផលិតអគ្គិសនីខាងលើ។
បើសិនជាទទួលបានជោគជ័យ ប្រភពថាមពលកកើតឡើងវិញដ៏ពិសេសនេះ មិនត្រឹមតែផ្គត់ផ្គង់ប្រភេទអគ្គិសនីថ្មីសម្រាប់ទីក្រុង Aomori នោះទេ ប៉ុន្តែក៏អាចបង្កើតបានឧស្សាហកម្មថ្មីសន្លាងនៅក្នុងតំបន់ទៀតផង៕