(សហរដ្ឋអាម៉េរិក)- ភាពយន្តរន្ធត់ «M3GAN» បង្កការចាប់អារម្មណ៍ក្រោយពីរកបានប្រាក់ចំណូល 30.2 លានដុល្លារអាម៉េរិក កាលពីសប្ដាហ៍កន្លង ក្នុងពេលដែលកំពូលខ្សែភាពយន្តរឿង «Avatar 2» បន្តនាំមុខគេនៅបន្ទប់លក់សំបុត្រ។
យោងតាម Variety ភាពយន្តប្រភេទរន្ធត់របស់ Blumbouse រកចំណូលបានច្រើនជាងការរំពឹងទុករបស់ក្រុមអ្នកជំនាញ បន្ទាប់ពីបញ្ចាំងបានជាង 3,500 លើកក្នុងរោងកុននៅអាម៉េរិកខាងជើង។ នៅក្នុងទីផ្សារអន្តរជាតិ M3GAN (ពាក្យកាត់របស់ Model 3 Generative Android) រកចំណូលបន្ថែមបាន 14.8 លានដុល្លារ ជួយឱ្យប្រាក់ចំណូលទូទាំងពិភពលោកឡើងដល់ 45 លានដុល្លារ។
មុននោះ បណ្ដាស្ថាប័នតាមដានការលក់សំបុត្រចូលទស្សនាភាពយន្តបានព្យាករថា M3GAN នឹងរកបានតែពី 17 ទៅ 20 លានដុល្លារប៉ុណ្ណោះនៅ អាម៉េរិកខាងជើង។ ក៏ប៉ុន្តែ ដោយសារមានមតិវិជ្ជមានពីទស្សនិកជន និងពីក្រុមអ្នកវិភាគ M3GAN ក៏ទាក់ទាញអ្នកចូលមើលបានកាន់តែច្រើន។ បញ្ចប់ការលក់សំបុត្រក្នុងសប្ដាហ៍ទីមួយ M3GAN ក៏រកបានប្រាក់ចំណេញទៅហើយ ដោយសារតែការចំណាយលើការផលិតគឺត្រឹមតែប្រហែល 12 លានដុល្លារប៉ុណ្ណោះ។
ខ្សែភាពយន្ត Model 3 Generative Android និយាយអំពីរ៉ូបូត M3GAN ដែលត្រូវបានបង្កើតឡើងដោយវិស្វករ Gemma ដើម្បីជួយមើលថែកូនៗជំនួសអាណាព្យាបាល។ ដើម្បីសាកល្បងបច្ចេកវិទ្យា Gemma ក៏បានឱ្យ M3GAN ធ្វើជាមិត្តជាមួយនឹងក្មួយស្រីអាយុ 8 ឆ្នាំរបស់ខ្លួន។ ក៏ប៉ុន្តែ ការសម្រេចចិត្តនេះបាននាំឱ្យមានបញ្ហាធ្ងន់ធ្ងរកើតឡើង។
ភាពយន្តនេះទទួលបានការសរសើរយ៉ាងច្រើនពីក្រុមអ្នកវិភាគ។ ក៏ប៉ុន្តែ ភាពទាក់ទាញរបស់ M3GAN មិនអស្ចារ្យគ្រប់គ្រាន់ដើម្បីដណ្ដើមបានតំណែងនាំមុខគេនៅបន្ទប់លក់សំបុត្ររបស់ Avatar: The Way of Water ដែលដឹកនាំសម្ដែងដោយ James Cameron នោះទេ។ ដោយរកចំណូលបានជាង 1.7 ពាន់លានដុល្លារ បច្ចុប្បន្នវគ្គពីររបស់ Avatar ឈរលំដាប់ទី 7 ក្នុងចំណោមភាពយន្តដែលមានទស្សនិកជនគាំទ្រច្រើនជាងគេបង្អស់នៅគ្រប់សម័យកាល។
ជោគជ័យរបស់ M3GAN និង Avatar 2 ត្រូវបានវាយតម្លៃថា ជាសញ្ញាវិជ្ជមានសម្រាប់បន្ទប់លក់សំបុត្រនៅអាម៉េរិកខាងជើង នាដើមឆ្នាំនេះ៕