ទួរប៊ីនថ្មីមានកម្លាំង 18 MW ដោយស្លាបកង្ហារវិលក្នុងទំហំផ្ទៃក្រឡាឡើងដល់ 53,000 ម៉ែត្រ ស្មើនឹងទីលានបាល់ទាត់ចំនួន 7 ដែលក្រុមហ៊ុនចិនផលិតឡើង គឺជាទួរប៊ីនសមុទ្រធំជាងគេបង្អស់លើពិភពលោក។
CSSC Haizhuang ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនការពារជាតិលំដាប់កំពូលទាំង 10 របស់ ប្រទេសចិន បានអភិវឌ្ឍក្បាលអ័ក្សរ៉ូទ័រ និងសម្បករបស់ទួរប៊ីន 18 MW នេះ។ គំរូដើមនៃទួរប៊ីនលើសមុទ្រធំជាងគេលើពិភពលោកនេះ ត្រូវបានប្រកាសនៅក្នុងព្រឹត្តិការណ៍មួយនៅតំបន់ឧស្សាហកម្មទីក្រុង Dongying ខេត្ត Shandong នេះបើតាមក្រុមហ៊ុនមេ សាជីវកម្មសាងសង់កប៉ាល់ចិន (CSSC)។
«ទួរប៊ីន H260 18MW នឹងរួមចំណែកលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពរបស់ទួរប៊ីន ក៏ដូចជាកាត់បន្ថយការចំណាយលើថ្លៃដើមក្នុងការផលិតអគ្គិសនីរបស់ស្ថានីយផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់នៅលើសមុទ្រ» CSSC ឱ្យដឹងដូច្នេះ។
ទួរប៊ីន H260 មានស្លាបកង្ហារ SuperBlade+ 128 ម៉ែត្រ និងមានបំពាក់មុខងារបញ្ជាទៅលើទិសទទួលខ្យល់។ កង្ហារទាំងនេះវិលក្នុងទំហំផ្ទៃក្រឡាឡើងដល់ 53,000 ម៉ែត្រ ប្រហាក់ប្រហែលនឹងទីលានបាល់ទាត់ចំនួន 7 បូកចូលគ្នា។
នៅពេលដំណើរការក្នុងកម្លាំងអតិបរមា ទួរប៊ីន H260 18MW អាចផលិតអគ្គិសនីបាន 44.8 kWh ពេលស្លាបរបស់វាវិលបានមួយជុំ។ ទួរប៊ីននេះមួយគ្រឿង អាចផលិតអគ្គិសនីបានគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់របស់ប្រជាជនចំនួន 40,000 គ្រួសារ ជារៀងរាល់ឆ្នាំ។ CSSC Haizhuang ឱ្យដឹងថា ទួរប៊ីននីមួយៗអាចផលិតអគ្គិសនីបាន 74,000 MWh/ឆ្នាំ៕