យោងតាម Sulistyawan ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិរបស់ ឥណ្ឌូណេស៊ី កំពុងរំភើបចិត្តខ្លាំងនៅមុនការប្រកួតជាមួយក្រុមរបស់ វៀតណាម នៅជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ AFF Cup 2022 ដែលនឹងធ្វើឡើងនៅព្រលប់នេះ។
ឥណ្ឌូណេស៊ី មានប្រៀបជាងដោយសារសម្រាកយកកម្លាំងបានច្រើនជាងមួយថ្ងៃ និងបានលេងនៅលើទីលាន Bung Karno របស់ខ្លួន អមជាមួយនឹងការលើកទឹកចិត្តពីអ្នកគាំទ្រជិត 50,000 នាក់ ប៉ុន្តែ មិនអាចយកឈ្នះលើ វៀតណាម បាន (0-0) នៅក្នុងការប្រកួតជើងទីមួយនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ AFF Cup 2022 កាលពីថ្ងៃទី 06 មករាកន្លងទៅ។ ឥណ្ឌូណេស៊ី និង វៀតណាម នឹងប៉ះគ្នាជាថ្មីនៅព្រលប់ថ្ងៃទី 09 មករានេះ។
«យើងនឹងធ្វើឱ្យបានល្អជាងមុន នៅក្នុងការប្រកួតជើងទីពីរ។ រង់ចាំមើលចុះ។ កីឡាកររបស់យើងកំពុងរំភើបខ្លាំង និងពេញដោយក្ដីសង្ឃឹមនៅមុនការប្រកួតជើងទីពីរ ជាមួយនឹង វៀតណាម» ខ្សែប្រយុទ្ធរបស់ ឥណ្ឌូណេស៊ី Sulistyawan និយាយដូច្នេះ។
ឥណ្ឌូណេស៊ី ត្រូវបានចាត់ទុកថាជា «ជើងឯកលំដាប់ទីពីរនៅ អាស៊ីអាគ្នេយ៍» ដោយបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ AFF Cup ចំនួន 6 លើក ប៉ុន្តែមិនទាន់បានក្លាយជាជើងឯកម្ដងណាឡើយ។ ដូច្នេះ ឥណ្ឌូណេស៊ី បានវិនិយោគយ៉ាងច្រើនសម្រាប់ពានរង្វាន់លើកនេះ ដោយសង្ឃឹមថា នឹងដណ្ដើមបានពានមាសជាលើកដំបូង។
«គោលដៅរបស់ក្រុមគឺជើងឯក AFF Cup 2022។ ដូច្នេះហើយ យើងត្រូវតែយកឈ្នះលើ វៀតណាម។ យើងបានត្រៀមយ៉ាងម៉ត់ចត់រួចហើយ ដើម្បីលេងក្នុងជើងទីពីរឱ្យបានល្អជាងជើងទីមួយ» Sulistyawan បន្ថែមដូច្នេះ និងបន្តថា «…យើងមកទីនេះដើម្បីជ័យជម្នះ»។
ការប្រកួតជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់រវាង ឥណ្ឌូណេស៊ី និង វៀតណាម នឹងត្រូវធ្វើឡើងក្នុងកីឡដ្ឋាន My Dinh នៅ រដ្ឋធានីហាណូយ ប្រទេសវៀតណាម វេលាម៉ោង 19 និង 30 នាទី ថ្ងៃទី 09 មករា 2023៕