ដើរទេសចរណ៍ដើម្បីស្វែងរកភាពស្ងប់ស្ងាត់ក្នុងចិត្ត ចាកផុតពីតំបន់សុវត្ថិភាពរបស់ខ្លួន ឬទេសចរណ៍បណ្ដើរធ្វើការបណ្ដើរ គឺជានិន្នាការទេសចរណ៍ថ្មីដែលមនុស្សជាច្រើនកំពុងជ្រើសរើស។
ខាងក្រោមនេះគឺជានិន្នាការទេសចរណ៍ថ្មីក្នុងឆ្នាំ 2023 ដែលទើបត្រូវបាន Travel + Leisure ប្រកាសកាលពីថ្ងៃទី 04 មករា 2023។ លទ្ធផលនេះគឺបានមកពីការស្ទង់មតិពីទេសចរ អ្នកជំនាញក្នុងវិស័យទេសចរណ៍ និង blogger ផ្នែកទេសចរណ៍ជាង 24,000 នាក់ មកពី 32 ប្រទេសនៅជុំវិញពិភពលោក។
លទ្ធផលនៃការស្ទង់មតិខាងលើបង្ហាញថា មនុស្ស 73% មានអារម្មណ៍ថាជឿជាក់ជាងមុននៅក្នុងការដើរទេសចរណ៍ បើធៀបនឹងឆ្នាំកន្លង។ 88% ចង់ទៅទេសចរណ៍ដើម្បីរម្លឹកអនុស្សាវរីយ៍ចាស់ៗ ខណៈ 61% ចង់ទៅកម្សាន្តនៅឯឧទ្យានបែបប្រពៃណីបុរាណ និង 54% ចង់រៀបគម្រោងលំហែកាយជាមួយគ្រួសារ ឬទៅសួរសុខទុក្ខញាតិមិត្តជិតស្និទ្ធនៅទីឆ្ងាយ។
ឆ្នាំ 2023 មានមនុស្ស 47% ចង់ទៅទេសចរណ៍នៅតំបន់ដែលមានមុខម្ហូបអាហារពិសេស និងចម្លែក។ 44% ក្នុងចំណោមមនុស្សដែលត្រូវបានសួរ ឆ្លើយថា ការទទួលបទពិសោធន៍ផ្នែកសុខភាពផ្លូវចិត្ត ហាត់សមាធិជាដើមនៅពេលទៅលំហែកាយ គឺជារឿងដែលពួកគេចង់បាន។
ពិសេសជាងគឺថា ឆ្នាំនេះទេសចរ 73% មាននិន្នាការចង់ចាកចេញផុតពីតំបន់សុវត្ថិភាពរបស់ខ្លួន។ 38% ចង់ទៅកាន់ទីឋានពិសេស ជាកន្លែងដែលគួរឱ្យចង់រស់នៅ។
មនុស្ស 66% ចង់មានដំណើរទេសចរណ៍បែបលំហែកាយ 100% មិនត្រូវរំខានដោយកិច្ចការនៅក្រុមហ៊ុន។ ចំណែក 59% និយាយថា ការទៅកំសាន្តនៅតំបន់ ទីតាំងទេសចរណ៍ ទីតាំងកំសាន្តថ្មីនឹងជួយឱ្យពួកគេធ្វើការបានល្អជាងមុន ពេលត្រលប់មកវិញ។
ទន្ទឹមនឹងនេះ មាន 55% និយាយថា ចង់ទៅទេសចរណ៍បែបធម្មជាតិ ដោយមិនប្រើអ៊ីនធើណិត ឬទូរស័ព្ទឆ្លាតវៃ។ ចំណែកមនុស្ស 68% ក្នុងចំណោមអ្នកដែលត្រូវបានសួរ និយាយថា ពួកគេត្រៀមខ្លួននឹងកាត់បន្ថយការចំណាយទៅលើការស្នាក់នៅ ដោយគិតតែការទទួលបទពិសោធន៍បែបធូរថ្លៃ ហើយអ្នកខ្លះក៏ថា ចូលចិត្តធ្វើការបណ្ដើរ ដើរទេសចរណ៍បណ្ដើរ៕