បណ្ដាក្រុមហ៊ុនចិន អាចត្រូវការប្រាក់តិចជាងបណ្ដាក្រុមហ៊ុនអឺរ៉ុប ប្រហែល 10,000 អឺរ៉ូ (10,618 ដុល្លារអាម៉េរិក) ដើម្បីផលិតបានរថយន្តអគ្គិសនីមួយគ្រឿង នេះបើតាម Forvia។
ខាងលើគឺជាការអះអាងរបស់លោក Patrick Koller នាយកប្រតិបត្តិរបស់ Forvia ដែលបាននិយាយកាលពីថ្ងៃទី 04 មករា 2023 នៅឯព្រឹត្តិការណ៍ពិព័រណ៍ CES នៅ Las Vegas (សហរដ្ឋអាម៉េរិក)។ Forvia គឺជាអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ធំជាងគេលំដាប់ទី 7 លើពិភពលោកនៅក្នុងវិស័យផលិតរថយន្ត និងមានដៃគូសហការចំនួន 80 នៅទូទាំងសកលលោក។
លោក Patrick Koller យល់ថា ថ្លៃផលិតរថយន្តអគ្គិសនីរបស់ ប្រទេសចិន គឺជាចំណុចមានប្រៀបដ៏លេចធ្លោ ធៀបនឹងក្រុមហ៊ុននៅ អឺរ៉ុប។ លោកនិយាយថា ប្រទេសចិនកំពុងផលិតរថយន្តល្អៗ ហើយ អឺរ៉ុប នឹងមិនអាចបញ្ឈប់ការនាំចូល។
ឥទ្ធិពលនៃការប្រកួតប្រជែងក្នុងការចំណាយលើការផលិតរបស់ ប្រទេសចិន គំរាមកំហែង អឺរ៉ុប ច្រើនជាង សហរដ្ឋអាម៉េរិក ដោយសារថា ពន្ធមានកម្រិតខ្ពស់បានរឹតបន្តឹងលើចំណែកទីផ្សាររថយន្តរបស់ប្រទេសចិន នៅ សហរដ្ឋអាម៉េរិក នេះបើតាមលោក Patrick។
យោងតាមការស្រាវជ្រាវរបស់ JATO Dynamics តម្លៃជាមធ្យមរបស់រថយន្តអគ្គិសនីមួយគ្រឿងនៅ អឺរ៉ុប បានកើនពី 48,942 អឺរ៉ុប នៅឆ្នាំ 2015 ឡើងដល់ 55,821 អឺរ៉ូ នាបច្ចុប្បន្ន។ និន្ននាការនេះក៏កើតមាននៅទីផ្សារអាម៉េរិក ដោយមានការប្រែប្រួលតម្លៃពី 53,038 ដល់ 63,864 អឺរ៉ូ ក្នុងអំឡុងពេលដូច្នេះ។ ក៏ប៉ុន្តែ តម្លៃរថយន្តអគ្គិសនីនៅ ប្រទេសចិន វិញ គឺផ្ទុយពី អឺរ៉ុប និង សហរដ្ឋអាម៉េរិក ដោយនៅទីផ្សារចិន តម្លៃរថយន្តអគ្គិសនីមួយគ្រឿងត្រូវថយចុះពី 66,819 អឺរ៉ូ មកនៅត្រឹម 31,829 អឺរ៉ូ៕